សម្តេចតេជោនឹងអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ៣៤ខ្សែ នៅក្រុងខេត្តព្រះសីហនុ សប្តាហ៍ក្រោយនេះ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន៣៤ខ្សែ នៅក្រុងតព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បើមិនមានអ្វីប្រែប្រួលទេនោះ ។ នេះបើយោងតាមប្រភពច្បាស់ការពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងកន្លងមកថ្មីៗនេះថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

លើសពីនេះទៀត ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here