ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជាគ្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយដៃគូដទៃទៀត ក្រៅពីប្រទេសចិន និងបានប្រឹងប្រែងចរចាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីស្វែងរកទីផ្សារថ្មីៗបន្ថែមជូនវិស័យឯកជនក្នុងការនាំចេញទំនិញ និងផលិតផល។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី ជំនួសលោក ស៊ុន ហេង ដែលចូលនិវត្តន៍នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០កន្លងមកឱ្យដឹងថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ធ្វើការចរចាយ៉ាងសកម្ម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយការចរចានេះនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
លោកថ្លែងបន្តថា “កម្ពុជានឹងបង្កើតកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកូរ៉េ ក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម នឹងពិនិត្យបញ្ចប់ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-កូរ៉េ ហើយត្រៀមចាប់ផ្ដើមការចរចានៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ” ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងារចរចា និងសិក្សាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយដៃគូដទៃទៀត រួមមាន សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី និងសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។
លោករដ្ឋមន្ថែមថា ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន៕






