សម្តេចតេជោប្រកាសដាក់ចេញផែនការប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

0

ដោយវុត្ថា

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជាផ្លូវក្រវ៉ាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here