សម្ដេចតេជោ ហ៊ុន សែន កោតសរសើរក្រុមការងារបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តព្រះសីហនុ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋខេត្តព្រះសីហនុ ជាពិសេសកម្លាំងការងារបច្ចេកទេសកសាងផ្លូវទាំង៣៤ខ្សែរ ដែលក្នុងរយៈពេលដ៏ខ្លីអាចធ្វើការសាងសង់ និងសម្រេចបានលទ្ធផលយ៉ាងល្អរហូតដល់ជាង៩៤ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីជួបជាមួយក្រុមបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា ជាទូទៅការស្ថាបនាផ្លូវមួយខ្សែដែលមានគុណភាពស្ដង់ដារ គឺត្រូវចំណាយពេល ៣-៤ ឆ្នាំ ប៉ុន្តែសម្រាប់តែការសាងសង់ផ្លូវថ្នល់នៅទូទាំងខេត្តព្រះសីហនុរហូតដល់៣៤ខ្សែ គឺចំណាយពេលដ៏ខ្លី ប៉ុន្តែសម្រេចបានលទ្ធផលគួរឱ្យស្ញប់ស្ញែង។

សម្តេចតេជោ បានមានប្រសាសន៍ថា គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានរយៈពេលប្រមាណ៧ខែ លើការសាងសង់ផ្លូវទាំងអស់ ប៉ុន្តែបានសម្រេចបានលទ្ធផលយ៉ាងច្រើនរហូតដល់ជាង៩៤ភាគរយ។

ជាមួយនឹងលទ្ធផលនៅពេលនេះ សម្ដេចតេជោ ក៏បានកោតសរសើរដល់ប្រធានគណៈកម្មការជាតិគ្រប់គ្រងតំបន់ឆ្នេរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ ទាំងកម្លាំងវិស្វកម្ម ជាពិសេសកម្លាំងកម្មករសរុបចំនួន ៤៧៥២នាក់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ទើបអាចសម្រេចបាននូវលទ្ធផលនៅពេលនេះ។

តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុនៅពេលនេះ សម្ដេចជឿជាក់ថា នឹងអាចបង្កើនភាពទាក់ទាញលើការវិនិយោគ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិ ផងដែរ ដែលចង់ទស្សនាសោភ័ណភាណនៃផ្លូវទាំងអស់ក្នុងខេត្តព្រះសីហនុជាក់ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here