តើ​ខេត្ត​ព្រះសីហនុ​កំពុង​ឆ្ពោះទៅកាន់​ទីក្រុង​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំប្រទេស​យ៉ាងដូចម្តេច?

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ វាជ​សំណួរ​ដែល​យើង​ត្រូវ​ឆ្លើយ និង​ចាំមើល​ទាំងអស់គ្នា​នាពេល​អនាគត ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន និង​កំពុង​ដើរ​ស្របគ្នា​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដោយ​គ្រោង​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់ឧស្សាហកម្ម។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គោលនយោបាយ​នេះ​ត្រូវបាន​កែខៃ​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការរៀបចំ​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍ ដោយ​ប្រែក្លាយ​ទីក្រុង​នេះ​ជាទី​ក្រុងមាន​ការអភិវឌ្ឍ “ដោយ​ពហុ​បំណង” ស្របពេល​ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត សម្រេចបាន​ជាង៩៤ភាគរយ ខណៈពេលដែល​កំណើន​អាគារ​ពាណិជ្ជកម្ម​កំពុង​កើនឡើង​យ៉ាង​ស្អេកស្កះ។

អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​ដែលជា​បញ្ញវ័ន្ត​វ័យក្មេង និង​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ ហើយ​ត្រូវបាន​សម្តេច​តេ​ជោ​ផ្លាស់ប្តូរ​ពី​ខេត្តកំពង់ចាម ទៅកាន់​ខេត្ត​ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ ពិតជា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ។

មានប្រសាសន៍​ស្វាគមន៍​សម្តេច​តេ​ជោ កាលពី​ល្ងាច​ថ្ងៃទី ១មិថុនា​កន្លងមក ក្នុងពេល​សម្តេច​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​ផ្លូវ​ទាំង៣៤ខ្សែ ដែល​ស​មិ​ទ្ឋិ​ផល​នេះ​នឹង​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​ជាថ្មី​ម្តងទៀត លោក​គួច ចំរើន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានកំណត់​ផែន ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ចក្ខុវិស័យ​ឆ្នាំ២០៣០ គឺ​រៀបចំ​និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគថ្មីៗបន្ថែមទៀត​ពី​បរទេស និង​បំរើ​ដល់​ការរស់នៅ​ដ៏​ល្អប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ។

លោក​បញ្ជាក់ថា គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី រហូតមកដល់​បច្ចុប្បន្ន ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ សម្រេចបាន​ប្រមាណ៩៤% ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោល​ភ្លើងស្តុប​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ការរៀប​កម្រាល​ថ្ម​ក្រា​នី​ត។ ចំពោះ​ការងារ​ចាក់​បេតុង និង​ដាក់លូ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម ខែមិថុនា ឆ្នាំ២០២០” ។

ការស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​នេះ បាន​ដំណើការ​ទៅតាម​ផែនការ​ដោយ​រលូន ទទួលបាន​ការចូលរួម​សហការ​យ៉ាង​ល្អ ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុមហ៊ុន និង​អង្គភាព​ទទួល​ការងារ​ស្ថាបនា​ផ្លូវ ដោយ​គោរព​ទៅតាម​ប្លង់​សុរិយោដី ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​បង្គុំ និង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ ដែល​សិក្សា​ដោយ​ក្រុមការងារ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សោភ័ណភាព។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​អាជ្ញាធរខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បាន​អញ្ជើញ​ពិនិត្យ​លទ្ធផល​ដំបូង នៃ​ការស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើឱ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដ៏​ស៊ី​វិ​ល័យ។

ជាមួយនឹង​សក្តានុពល​មាន​ស្រាប់ ដោយមាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​ប្រទេស មាន​ផ្លូវ​រថភ្លើង មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ដែល​នឹង​បញ្ចប់​ការពង្រីក​នាពេលខាងមុខ ដើម្បី​ឲ្យ​យន្តហោះធំៗអាច​ចុះចត​បាន និង​មាន​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ពិសេស​ឆ្នេរ​ខ្សាច់ និង​បណ្តា​កោះ​នានា​ដ៏​ស្រស់​ស្ងា​ត​ដូច​ឋានសួគ៌ ពិតណាស់ ខេត្ត​នេះ​កំពុង​ដើរទៅ​មុខ​ដោយ​រលូន និង​កាន់​តែមាន​ភាព​ស័ក្តិសម​ជាទី​ក្រុង​ស៊ី​វិ​ល័យ​មួយ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទី១សំរាប់​ប្រទេស​នាពេល​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here