ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានសម្រេចបានការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានសរុបជាង ៣៥ម៉ឺនតោន ដែលទទួលបានចំណូលជាង ២៤១លានដុល្លារ ក្នុងនោះទីផ្សារប្រទេសចិនបានទទួលទិញប្រមាណ ៣៨ភាគរយនៃចំណែកទីផ្សារសរុប។
តាមរយៈរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា គិតចាប់តាំងពីដើមខែមករា រហូតដល់ដំណាច់ខែឧសភា កន្លងទៅនេះ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានសម្រេចរហូតដល់ ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ៤២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅដែលមានត្រឹម ២៥០ ១៧២ តោន។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមទីផ្សារដែលទទួលយកអង្ករកម្ពុជា ក្នុងនោះប្រទេសចិនស្ថិតនៅលេខរៀងកំពូលដែលមានរហូតដល់ ៣៨ភាគរយនៃចំណែកទីផ្សារសរុប បន្ទាប់មកទីផ្សារអឺរ៉ុប ដែលមានចំនួន ៣៤ភាគរយ បណ្តាប្រទេសក្នុងតំបន់អាស៊ាន ១៣ ភាគរយ និងប្រទេសផ្សេងៗទៀតរួមមានដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសហ្គាប៉ុង។ល។ មានចំនួន១៥ភាគរយ។
នៅក្នុងចំណោមនៃការនាំចេញអង្ករកម្ពុជាទាំងអស់ខាងលើនេះ សម្រាប់ប្រភេទអង្ករក្រអូបមានប្រមាណ ៧៧ភាគរយ ស្មើនឹង ២៧ម៉ឺនតោន ប្រភេទអង្ករស ចំនួន១៨ភាគរយ ហើយក្រៅពីនេះជាប្រភេទអង្ករសេរីរាង្គ អង្ករចំហុយ និងអង្ករដំណើប សរុបប្រមាណ៥ភាគរយ។ ដោយឡែក សម្រាប់ខែឧសភា កន្លងទៅនេះ ទីផ្សារសហគមន៍អឺរ៉ុប បានទទួលយកអង្ករកម្ពុជារហូតដល់ ៤៤ភាគរយនៃចំនួននាំចេញសរុប ស្មើនឹង ២៤០០០តោន ដែលជាចំនួនមួយបង្ហាញពីពិពីធម្មនៃការនាំចេញឆ្ពោះទៅកាន់ទីផ្សារដ៏សំខាន់មួយនេះ៕






