ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានចាប់ផ្តើមនិងកំពុងដំណើរការសាងសង់រយៈពេល១ឆ្នាំមកហើយ

0

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលរខេត្តសៀមរាប បានអះអាងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបរហូតមកដល់ពេលនេះ សម្រេចបានរយៈពេល ១ ឆ្នាំ ហើយ ខណៈនេះខាងក្រុមហ៊ុនបានសាងសង់យ៉ាងសកម្ម និងដំណើរការដោយរលូន។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនេះ ឱ្យដំណើរការដោយរលូន រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការតម្រង់ទិសនៃការសាងសង់មួយដើម្បីសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធិភាពនៃការសាងសង់។

លោកបន្តថា ការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលក្នុងចំនួនច្រើន ហើយនៅពេលសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២៣ ព្រលានយន្តហោះអន្តរជាតិនេះ នឹងអាចអនុញ្ញាតឱ្យយន្តហោះធុនធំអាចចុះចតបាន និង មានភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។

លោកបន្តថា “នៅពេលភ្ញៀវទេសចរណ៍ដែលចង់មកលេង ត្រូវឆ្លងកាត់ជើងយន្តហោះច្រើនលើកច្រើនសារ តែនៅពេលយើងមានព្រលានយន្តហោះថ្មីនេះ នឹងកាន់តែមានភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសមកកាន់ទីក្រុងសៀមរាប”។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងជាជម្រើសថ្មីមួយសំរាប់ក្រុមហ៊ុនអាកាសចរណ៍នានា អាចចុះចតយន្តហោះខ្នាតធំបាន ដែលវានឹងទាក់ទាញភ្ញៀវទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកាន់តែច្រើនចុះចតនៅព្រលានយន្តហោះនេះ។

លោកស្រីបន្តថា ព្រលានយន្តហោះនេះ ក៏អាចជាចំណុចតភ្ជាប់ទៅកាន់បណ្តារប្រទេសក្នុងតំបន់ផងដែរ ដែលវានឹងជំរុញឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជាកាន់តែប្រសើរថែមទៀត។ លោកស្រីបន្តថា “វាជាចំណុចចាប់ផ្តើមដ៏ល្អ វានឹងធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត”។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី នេះ សាងសង់ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារ អាមេរិក ចំងាយប្រមាណ៤០គីឡូម៉ែត្រ៥ពីក្រុងសៀមរាប នៅស្រុកសូត្រនិគមលើផ្ទៃដី៧០០ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here