ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ៣២លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ដែលមានទឹកប្រាក់សរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសពីអង្គការ JICA ចេញផ្សាយមុននេះបន្តិច។

លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ “Project for the Expansion of Water Supply System in Ta Khmau City”នេះ។

គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈការសាងសង់ (១) រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (២) ស្ថានីយ៍បូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ (៣) បរិក្ខាសម្រាប់ចែកចាយទឹកស្អាត និង (៤) ការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពិសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន។

កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងតម្រូវការ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកជំនាញមកពីអង្គការភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ធ្វើការសិក្សាលម្អិតស្តីពីវឌ្ឍនភាពគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែង និងលទ្ធភាពក្នុងការអនុវត្តគម្រោងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

គម្រោងដែលនឹងត្រូវអនុវត្តន៍ រួមមានគម្រោងការងារផ្សេងៗជាច្រើនដូចជា ប្រព័ន្ធផលិតកម្មថ្មី ស្ថិតនៅទីតាំងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ-ស្ថានីយបូមទឹកឆៅពីទន្លេបាសាក់ មានសមត្ថភាពផលិត ៣៣ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ -ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកសមត្ថភាព ៣០ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដោយកាលបរិច្ឆេទអនុវត្តគម្រោងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។

ការពង្រីកប្រព័ន្ធទឹកស្អាតនៅទីក្រុងតាខ្មៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាកត្តាសំខាន់បំផុត ពីព្រោះជាទីតាំងជិតរាជធានីភ្នំពេញ និងមានកំណើនប្រជាពលរដ្ឋរស់នៅច្រើន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏កំពុងតែទន្ទឹងរង់ចាំប្រើប្រាស់ទឹកស្អាត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលប្រជាពលរដ្ធនៅតាមទីប្រជុំជនទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ និងជៀសផុតពីជម្ងឺឆ្លងនានា ដោយសារការប្រើទឹកមិនស្អាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here