វិស័យឯកជនស្នើសុំវិនិយោគស្ទឹងសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ដោយ រ៉ាណេត

ភ្នំពេញ ៖ អភិបាលរងខេត្តសៀមរាប បានអះអាងថា មានក្រុមហ៊ុនវិស័យឯកជនមួយបានស្នើសុំវិនិយោគស្ទឹងខេត្តសៀមរាប ដើម្បីរៀបចំឱ្យមានសោភ័ណភាព បម្រើដល់វិស័យទេសចរណ៍ ខណៈដែលស្ទឹងមួយនេះមានបញ្ហាបរិស្ថានមិនល្អ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឱ្យដឹងថា កន្លងមកនេះ មានក្រុមហ៊ុនឯកជនបានស្នើសុំវិនិយោគស្ទឹងសៀមរាប តែរហូតមកដល់ពេលនេះ ខេត្តមិនទាន់បានសម្រេចយ៉ាងណានោះទេ ខណៈកំពុងសិក្សាលើគម្រោងលម្អិត។

លោកបន្តថា តាមរបាយការណ៍របស់ក្រុមហ៊ុនដែលចង់វិនិយោគស្ទឹងនេះ គឺគេចង់សម្អាតស្ទឹងឱ្យមានសោភ័ណភាព រៀបចំកន្លែងអង្គុយលំហែរកាយនៅតាមមាត់ស្ទឹង និងសាងសង់អាគារសម្រាប់កន្លែងទទួលទានអាហារជាដើម សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ស្ទឹងសៀមរាប ត្រូវបានចាត់ទុកថា ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។ ស្ទឹងនេះ គឺជាស្ទឹងសិប្បនិមិត្ត ដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។ គ្មានឯកសារណាបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឱ្យជាក់លាក់នោះទេ ប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថា វាត្រូវបានគេបង្កើត និងកែច្នៃជាច្រើនសារ តម្រូវតាមការរៀបចំដែនដីនៅសម័យអង្គរ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានសរសេរថា ស្ទឹងសៀមរាប ដែលគេឃើញសព្វថ្ងៃ ចាប់ពីចំណុច «បំពេញរាជ» មក ជាសមិទ្ធផលនៃស្នាដៃមនុស្សបង្កើតក្នុងសម័យអង្គរ។

លោកបន្តថា ស្ទឹងនេះ កើតពីអូរតូចៗ ដែលហូរពីភ្នំផ្សេងៗ ស្ថិតនៅខាងជើងវាលរាបអង្គរ បន្ទាប់មកវាជួបគ្នានៅច្រកមួយមុននឹងហូរធ្លាក់ទៅកាន់វាលរាប។ ក្នុងនោះក៏មានដៃអូរតូចៗជាច្រើន បានហូរមកភ្ជាប់បន្ថែមទៀត ដែលប្រភព២សំខាន់ដែលគេស្គាល់ច្បាស់នោះ គឺអូរធំ និងអូរក្បាលស្ពាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here