ដោយវុត្ថា
កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ បានស្នើឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះធ្វើការវាស់វែង កំណត់ទីតាំងអោយបានច្បាស់លាស់ នៃកោះចំនួន៣ នៅក្នុងដែនសមត្ថកិច្ចខេត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ខណៈដែលរដ្ឋាភិបាល គ្រោងរៀបចំតំបន់កោះនៅតាមឆ្នេរសមុទ្រកម្ពុជា ជាតំបន់ទេសចរណ៍ និងសម្រាក់លម្ហែកាយ។

-->
លោកជាវ តាយ បានស្នើបែបនេះនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពសន្តិសុខលម្ហសមុទ្រ ដើម្បីផ្ទៀងផ្ទាត់ចំនួនកោះ ថ្មប៉ប្រះទឹក និងថ្មដុះ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ កងកម្លាំងការពារព្រំដែនសមុទ្រ មន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុងស្រុក។
លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា តាមការស្រាវជ្រាវរាប់ចំនួនកោះថ្មដុះ និងថ្មប៉ប្រ៉ះទឹកស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត នៃកិច្ចសហការណ៍រវាងក្រុមការងារបច្ចេកទេស របស់គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយអាជ្ញាធរខេត្តកំពតបានបង្ហាញថា ខេត្តកំពតពិតជាមានកោះចំនួន៣ពិតមែន។
លោកបន្តថា កោះសេះ និងកោះគី ស្ថិតនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត មានចំងាយប្រហែល២២គីឡូម៉ែត្រ ពីព្រំប្រទល់ឆ្នេរត្រពាំងរពៅ ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ និងកោះត្រង៉ោល ស្ថិតនៅក្នុងក្រុងកំពត មានចំងាយប្រហែ៨គីឡូម៉ែត្រពីឆ្នេរសង្កាត់ត្រើយកោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ធ្លាប់បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ខេត្តកំពត នៅទីស្ដីការគណរដ្ឋមន្ត្រីកាលពីដើមខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្ត បាននិងកំពុងរៀបចំគោលដៅទេសចរណ៍ថ្មី នៅតាមបណ្តាកោះជាពិសេសកោះសេះ ឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងកៀរគរឱ្យមានការវិនិយោគលើកោះមួយនេះ ដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។

លោកថា “សក្ដានុពលទេសចរណ៍ ដែលមាននៅលើកោះសេះ មានភាពល្អប្រសើរស្រស់ស្អាត និងពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងទាក់ទាញ ដែលស្ថិតនៅក្បែរព្រំដែនសមុទ្រជាមួយវៀតណាម”។ លោកបន្តថា“រាល់ការវិនិយោគនៅតំបន់ទេសចរណ៍នេះ ត្រូវមានប្លង់គោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ”៕