ដំណឹងល្អ៖ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារគ្រោងសាងសង់បញ្ចប់ នៅខែមីនា ឆ្នាំ២០២១ នេះ

0

ដោយ ៖ រ៉ាណេត

កំពង់ចាម ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ នេះ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០។

ក្រសួងបន្តថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូន ធ្លាប់បានមានប្រសាសន៍ថាស្ពាននេះជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូននិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំដែលរស់នៅយ៉ាង ច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប(Shanghai Construction Group)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here