ក្រុមហ៊ុន ២ ស្នើសុំវិនិយោគអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២ គឺ ក្រុមហ៊ុន SRUN SREYAUN WATER SUPPLIES និង ក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT LTD បានស្នើសុំវិនិយោគលើវិស័យអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរនេះ មិនទាក់ដំណើរសាងសង់នៅឡើយទេ ខណៈដែលរដ្ឋបានខេត្តបាននឹងកំពុងសិក្សា និងពិនិត្យលើសំណើររបស់ក្រុមហ៊ុន។

លោកបន្តថា ក្រុមហ៊ុន SRUN SREYAUN WATER SUPPLIES ដែលស្នើសុំវិនិយោគមានអនុភាព ១.៥ មេហ្គាវ៉ាត់ ស្ថិតនៅលើកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ចំណែកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT LTD មានអនុភាព ៣ មេហ្គាវ៉ាត់ និងមាស៊ីនដ្យេលសែល ដែលមានអនុភាព ៣.៣ (៣x១.១ ) មេហ្គាវ៉ាត់ ស្ថិតនៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់នៃក្រុមហ៊ុនទាំងពីនេះ បោះទុនវិនិយោគសាងសង់នៅឡើយទេ ខណៈមន្ត្រីរបស់រដ្ឋបាលខេត្ត បាននឹងកំពុងសិក្សាលម្អិត និងសម្រេច មុននឹងចាប់ផ្តើមសាងសង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកនេះ បានឱ្យដឹងថា នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ មានរោងចក្រផលិតអគ្គិសនីមានចំនួន ៤ ដែលបាននឹងកំពុងផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្ត។

សម្តេចតេជោបន្តថា ក្រុមហ៊ុនទាំង ៤នេះ វិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនចិន ដែលអាចបញ្ចេញថាមពលអគ្គិសនីក្នុងការផ្គត់ផ្គង់នៅក្នុងខេត្ត និងទូទាំងប្រទេស ដែលបច្ចុប្បន្ននេះ មានប្រមាណ ១០០០ មេហ្គាវ៉ាត់ ហើយនឹងអាចបន្ថែមជាបន្តបន្ទាប់ ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំ ២០១៩បានចេញអនុក្រឹត្យលេខ ០២ អនក្រ.បក ស្តីពី ការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយកាត់យកសង្កាត់ចំនួន០២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ពីខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here