រដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកា១,៩ទ្រីលានបាតដើម្បីលើកស្ទួយសេដ្ឋកិច្ច ខណៈមានការបន្ធូរបន្ថយរឹតបន្តឹងប្រទេស

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញៈ សភាប្រទេសថៃបានអនុម័តកញ្ចប់ថវិកា ដើម្បីសង្រ្គោះសេដ្ឋកិច្ចចំនួន , ទ្រីលានបាត(៨៤ពាន់លានដុល្លារ) ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃសេដ្ឋកិច្ចដែលបណ្តាលមកពីមេរោគឆ្លងលើប្រទេសនេះ។


ច្បាប់នេះរួមបញ្ចូលកញ្ចប់ថវិកាចំនួន៣ រួមមាន ផែនការរបស់រដ្ឋាភិបាល ក្នុងការខ្ចីប្រាក់១ទ្រីលានបាត វិធានការរបស់ធនាគារកណ្តាល ដែលមានតម្លៃ៩០០ពាន់លានបាតក្នុងប្រាក់កម្ចីទន់ និងការគាំទ្រសម្រាប់សញ្ញាប័ណ្ណសាជីវកម្ម។

ក្នុងចំណោមប្រាក់កម្ចីចំនួន១ទ្រីលានបាត ថវិកាចំនួន៦០០ពាន់លានបាតនឹងប្រើប្រាស់សម្រាប់ការងារសុខភាពសាធារណៈ និងវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ។ ចំណែកឯថវិកា ដែលនៅសល់ទុកសម្រាប់កស្តារសេដ្ឋកិច្ច និងការបង្កើតការងារឡើងវិញ។កញ្ចប់ថវិកាទាំងអស់នេះ ត្រូវបានអនុម័តបន្ទាប់ដោយព្រឹទ្ធសភាជាន់ខ្ពស់ ដែលរំពឹងថានឹងកោះប្រជុំនៅក្នុងខែមិថុនាឆាប់ៗនេះ។

ជំហានចុងក្រោយ គឺការអនុវត្តតាមវិធានការជំរុញរាប់ពាន់លានដុល្លារ ដែលត្រូវបានណែនាំកាលពីដើមឆ្នាំ២០២០នេះ ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃមេរោគឆ្លងមកលើសេដ្ឋកិច្ចប្រទេសថៃ ដែលកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ប្រទេសថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ហើយអាជីវកម្មភាគច្រើន ដែលត្រូវបានចាត់ថ្នាក់ជាកន្លែងឆ្លងកម្រិតមធ្យមនិងខ្ពស់ មានដូចជា រោងកុន និងកន្លែងហាត់ប្រាណ ចាប់ផ្តើមដាក់បើកឱ្យដំណើរការឡើងវិញកាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ ២០២០ថ្មីៗនេះ។

បើតាមសារព័ត៌មាន Xinhua បានរាយការណ៍ថា វិនិយោគិនចាប់ផ្តើមមានទំនុកចិត្តឡើងវិញ មកលើសេដ្ឋកិច្ចប្រទេសថៃ ដែលត្រៀមនឹងស្តារឡើងជាថ្មី នៅក្នុងត្រីមាសនៃឆ្នាំ ២០២០ ដែលកើនឡើងដល់ទៅ២១ភាគរយផងដែរ៕



ចែករំលែក