ដោយៈ រ៉ាណេត
ព្រះសីហនុៈ អនុវត្តយ៉ាងសកម្មទៅតាមផែនការដែលបានកំណត់ និងកិច្ចព្រមព្រៀងទៅលើការពន្លឿនការស្ថាបនា ធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យយន្តហោះចុះចត បានច្រើនជាង១៣គ្រឿង ពិសេសអាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន ត្រូវបានថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចុះហត្ថលេខា លើរបាយការណ៏ចុងក្រោយផែនការមេជាផ្លូវការ។

រដ្ឋមន្រ្តីប្ថរតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើរបាយការណ៍ចុងក្រោយ នៃការរៀបចំផែនការមេនៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលរៀបចំដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ( SCA) ។
រដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញនិងកំណត់ឱ្យក្រុមហ៊ុនCambodia Airport ពន្លឿនការការសាងសង់ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ធ្វើយ៉ាងណាឱ្យចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ខណៈក្រុមហ៊ុនមួយនេះ បាននឹងកំពុងសាងសង់យ៉ាងសកម្ម។
នៅក្នុងផែនការមេ ដែលធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដែលគ្រោងនឹងបញ្ចក់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះរួមមាន
១. ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី
– ដំណាក់កាលទី១ សម្រាប់ផែនការឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរបា៣, ៦លាននាក់។
– ដំណាក់កាលទី២ សម្រាប់ផែនការឆ្នាំ២០៣០ ដល់២០៤០ សម្រាប់ទទួលអ្នកដំណើរឱ្យបាន៥ លាននាក់ តែប្រសិនបើប្រទេសកម្ពុជាមានការរីកចម្រើន និងមានអ្នកដំណើរច្រើន ក្រុមហ៊ុនអាចនឹងពង្រីកវិសាលភាពរហូតដល់ ១០ លាននាក់(ក្នុងការរំពឹងទុក)។

២. ការពង្រីក និងពង្រឹងផ្លូវរត់ Runway ផ្លូវរត់ពី ចំងាយ ២៥០០ម៉ែត្រ ទៅ៣៣០០ ម៉ែត្រ (ត្រូវបានបញ្ចប់)និងគ្រោងពង្រីកផ្លូវរត់ដល់ប្រវែង៣៨០០ម៉ែត្រ។
៣. ការពង្រីក និងពង្រឹងផ្លូវបរ Taxi ways ចំងាយ៤២០ម៉ែត្រ
៤. ការសាងសង់ចំណតយន្តហោះ សម្រាប់ដំណាក់កាលទី១ អាចមានសមត្ថភាពចតបាន១៣យន្តហោះ និងដំណាក់កាលទី២ អាចចតបាន១៩យន្តហោះ។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនៅសេសសល់គឺការងារ ដាក់តម្លើងភ្លើងបំភ្លឺផ្លូវហោះហើរ ។ នៅពេលឆាប់ៗខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ ពីបណ្តាប្រទេសមួយចំនួនមកកាន់ពីខេត្តព្រះសីហនុ៕







