រដ្ឋាភិបាលត្រៀមធ្វើអនុបយោគដីទំហំ ៦០០០ ហិកតា នៅខេត្តមណ្ឌលគិរី សម្រាប់អនុវត្តគម្រោង LASED III

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងរៀបចំឯកសារស្នើសុំអនុបយោគដីទំហំ ៦០០០ ហិកតា នៅឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី សម្រាប់អនុវត្តគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហ៊ានទី ៣ (LASED III) ។ នេះ បើតាមរបាយការណ៍របស់ក្រសួងសៀបចំដែនដីគនរូបនីយកម្ម និងសំណង់ដែលបានផ្សព្វផ្សាយកាលពីខែឧសភា ឆ្នាំ២០២០។

ក្រសួងដែនដីបានពន្យល់ថា គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងជំហានដំបូង និងជំហាន២ បាន និងកំពុងផ្តល់ជូនគ្រួសារក្រីក្រដែលគ្មានដីសង់លំនៅដ្ឋាន។

គម្រោងជំហាន៣នេះ ក៏នឹងជួយគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលជាកម្មវិធីរបស់រារដ្ឋាភិបាលផងដែរ តាមរយៈ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) និងការផ្តល់សម្បទានដីសង្គមកិច្ច (SLC) ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងពង្រីកមុខរបរចិញ្ចឹមជីវិត។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ នឹងគាំទ្រសកម្មភាពសម្រាប់សម្បទានដីសង្គមកិច្ច (SLC) នៅក្នុងទីតាំង ១៤ កន្លែងដែលមានស្រាប់ និងទីតាំងថ្មីប្រមាណ ១៥ កន្លែងផ្សេងទៀត ។ ដោយទ្បែក សម្រាប់សហគមន៍ជនជាតិដើមភាគតិច គឺសម្រាប់តែសហគមន៍ចំនួន ៣០ ដែលបានទទួលប័ណ្ណកម្មសិទ្ធិដីសហគមន៍រួចហើយ និងសហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥ ផ្សេងទៀត បានដាក់ពាក្យសុំមកក្រសួងដែនដី ប៉ុន្តែមិនទាន់បានទទួលទទួលប័ណ្ណកម្មសិទ្ធិដីសហគមន៍នៅឡើយ។

LASED-III ជាគម្រោងថ្នាក់មូលដ្ឋាន នឹងជួយគាំទ្រដល់ការអនុវត្តសកម្មភាពនានា នៅក្នុងបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ប៉ុន្តែគេរំពឹងថា ខេត្តទាំងឡាយដែលត្រូវផ្តល់សម្បទានដីសង្គមកិច្ចថ្មី (SLC) និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) នឹងត្រូវគ្របដណ្តប់នៅក្នុងខេត្តភូមិភាគឦសាន្តចំនួន៦។ តំបន់ទាំងនោះជាខេត្តដែលមានដង់ស៊ីតេប្រជាជនទាប ក្នុងនោះមានជនជាតិដើមភាគតិចប្រហែល ១៤ភាគរយ ប៉ុន្តែ ៦០ភាគរយ នៅក្នុងខេត្តរតនគិរី និង ៤៦ភាគរយ នៅក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ខ្ពង់រាបភូមិភាគឦសាន្ត៕


ចែករំលែក