អគារ Chip Mong Tower កម្ពស់៤៥ជាន់ នឹងបញ្ចប់សាងសង់ឆ្នាំ២០២២ខាងមុខ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អគារ Chip Mong Tower ដែលកម្ពស់៤៥ជាន់ និង ទុនវិនិយោគប្រមាណជិត ២០០លានដុល្លារ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ ខណៈចាប់តាំងពីការសាងសង់រហូតមដល់ពេលនេះសម្រេចបាន ៣៩ភាគរយ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Chip Mong នៅក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ Chip Mong Tower និងក្រុមហ៊ុនកូមិនខ្មែរ សម្រាប់ការម៉ៅការការងារប្រព័ន្ធមេកានិក ទឹក និងភ្លើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០នេះ ថា ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចមួយឱ្យរឹងមាំ បើទោះបីស្ថិតក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិដោយសារវីរុស Covid-19 ក៏ដោយ។

-->

លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង ឱ្យដឹងថា អគារ Chip Mong Tower ត្រូវបានសាងសង់លើផ្ទៃដី ទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមាន ផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ និងមានចំនួន៤៥ជាន់។

លោកបន្តថា ក្នុងនោះ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយ៣ Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។

លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន Chip Mong Retails បានបញ្ជាក់ថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ Chip
Mong Tower នឹងមានផលិតផលផ្សេងៗជាច្រើន ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ និងពាណិជ្ជកម្មយីហោល្បីៗថ្មីៗជាច្រើនទៀត ដែលនឹងផ្ដល់បទពិសោធន៍នៃការទិញទំនិញបែបថ្មី និងសម្បូរបែបជូនដល់អតិថិជនផងដែរ។

អគារ Chip Mong Tower កម្ពស់៤៥ជាន់នេះ ត្រូវបានបញ្ចុះបឋមសិលាបើកការសាងសង់ នៅខែមករាឆ្នាំ២០១៩ នឹងក្លាយជាសំណង់អគារប្រវត្តិសាស្ត្រសម័យទំនើបកណ្តាល បេះដូងនៃរាជធានីភ្នំពេញ៕