សម្តេចក្រឡាហោម ស ខេង៖ រដ្ឋាភិបាលនឹងរៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលពិសេស

ចែករំលែក

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងនឹងសិក្សា និងអភិវឌ្ឍន៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញក្លាយជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង ។

សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្តនាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រសួងនឹងសិក្សាដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការផ្ដល់សេវាមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានាដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានាដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត ។

សម្តេចក្រឡាហោមបន្តថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀត ដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅ ដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។

សម្ដេចបន្តទៀតថា កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចបន្ថែមថា កម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ៕


ចែករំលែក