រាជធានីភ្នំពេញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិយ៉ាងដូចម្តេច?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅពេលអាគារបូឌីញ “ស”នៃសង្កាត់ទន្លេបាសាក់ បាត់ពីក្រសែភ្នែកមនុស្សម្នានៅទីក្រុងភ្នំពេញ តំបន់នេះបានប្រែមុខមាត់ថ្មី ដោយជំនួសវិញនូវអាគារពាណិជ្ជកម្ម អាផាតម៉ិន និងខុនដូទំនើបនាពេលអនាគត។

ប្រជាជននៅជុំវិញតំបន់នេះ ទំនងជាសប្បាយរីករាយខ្លាំង បន្ទាប់ពីអាគារនេះត្រូវបានទិញយកដោយក្រុមហ៊ុន ARAKAWA Co, Ltd ហើយអ្នកចាកចេញពីអាគារនេះក៏ទំនងជាសប្បា​យចិត្តផងដែរ ដោយសារពួកគេទទួលបានសំណងសមរម្យពីក្រុមហ៊ុននេះ ក្រោមការសម្របសម្រួលពី លោកជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដ៏មានប្រជាប្រិយភាព។

ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ទំនងជាមិនបញ្ចប់នៅពេលឆាប់ៗនោះទេ ជាក់ស្តែងអាគារភ្លោះថៃប៊ុនរ៉ង ដែលជាអាគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងគ្រោងចំណាយប្រាក់វិនិយោគប្រមាណ៦០០០ពាន់លានដុល្លារ នឹងក្លាយជាមេដែកឆក់មួយ ដែលផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀត មកកាន់ប្រទេសនេះកាន់តែច្រើនថែមទៀតនាពេលអនាគត។

ការមកដល់នូវអ្នកវិនិយោគចិន កូរ៉េ សាំងហ្កាពួរ ម៉ាឡេស៊ី និងចុងក្រោយអ្នក​វិនិយោគមកពីប្រទេសចិន បានធ្វើឲ្យប្រទេសនេះក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំ​បន់អាស៊ី ជាឈ្មោះថ្មីដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រសិទ្ឋនាមឲ្យប្រទេសនេះ​កាលពីឆ្នាំ២០១៦ ។ ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានចាត់ចំណាត់​ថ្នាក់ថ្មីដល់កម្ពុជា ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកជាប្រទេសមានប្រាក់ចំណូល​មធ្យមកម្រិតទាបកាលពី២០១៦ផងដែរ។

ពិតជាជាក់ស្តែងនិងមិនអាចប្រកែកបាន ដោយសារកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ទទួលបានទុនវិនិយោគក្នុងវិស័យនេះរាប់រយកោដិដុល្លារ។

ជាក់ស្តែង ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់​ឆ្នាំ​២០១៧ កន្លង​មក​នេះ​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​ជាង​៦៤០០លាន​ដុល្លារ​អាមេរិក ខណៈទំហំ​ទុន​ពិត​ប្រកដ​ពី​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) មក​កម្ពុជា រយៈ​ពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ​១៩៩៤ ដល់​២០១៤ មាន​ប្រមាណ​១៩,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​៤៤ ភាគរយ​គឺជា​ទឹក​ប្រាក់​នៃ​ការ​វិនិយោគ​របស់​ចិន​។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់បាន​ថ្លែងថា ​“​កំណើន​នៃ​ការ​វិនិយោគ​នេះ ជា​កំណើន​ដ៏​ល្អ​នេះ ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​វិស័យ​ប្រកប​ដោយ​ សុទិដ្ឋិ​និយម​នូវ​កំណើន​សេដ្ឋកិច្ច ស្ថិរភាព​នយោ​បាយ និង​ស្ថិរភាព​សង្គម​របស់​កម្ពុជា​”​។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា “ការបង្ហាញវត្តមានអាគារខ្ពស់ៗ វាពិតជាកត្តាសំខាន់ និងធ្វើឲ្យកម្ពុជាលេចមុខមាត់នៅក្នុងតំបន់អាស៊ី និងពិភពលោក”។អ្នកនាងបន្តថា “នៅមុនឆ្នាំ២០១០ កម្ពុជាមិនទាន់​មានអាគារកប់ពពកនៅឡើយទេ ប៉ុន្តែក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ វត្តមានអា​គារខ្ពស់​ៗបានលេចឡើងស្ទើរគ្រប់កន្លែង ដែលជាការឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គម និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនៅប្រទេសនេះ”។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី ក្រុងភ្នំពេញបានរកឃើញថា នៅរាជធានីភ្នំពេញមានវត្តមានអាគារខ្ពស់ៗ ចាប់ពី៥ជាន់រហូតដល់ជាង៤០ជាន់ចំនួនជិត១ពាន់អាគារនិងមានអាគារជាច្រើនទៀតកំពុងចាប់ផ្តើមសាងសង់ ដែលមានកំពស់រហូតដល់៦៣ជាន់។

អ្នកនាងអាន សុធីតាបានបន្តថា “ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗ ទន្ទឹមនឹងកម្ពុជាមានច្បាប់កម្មសិទ្ឋិរឹងមាំ ក៏បានរួមចំណែកធ្វើឲ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តនិង​ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”។អ្នកនាងបន្តថា “ទោះជាកម្ពុជាមានវត្តមា​នអាគារខ្ពស់ៗក៏ដោយ ក៏កម្ពុជាមិនទាន់បទពិសោធន៍លើការគ្រប់គ្រង និងគុ​ណភាពអាគារទាំងនោះ មួយចំនួនមិនទាន់ឆ្លើយតបតាមស្តង់ដាអន្តរជាតិនោះទេ”។

យោងតាមការសិក្សារបស់​អង្គភាព​ពត៌​​មាន​សេដ្ឋវិទូបានរកឃើញថា ទំហំនៃប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងនេះភ្នំពេញមានចំណូល១០.​៩០០ដុល្លារកាលពីឆ្នាំមុន និងកើនដល់៣២.២០​០​ដុល្លារនៅឆ្នាំ២០៣០ខាងមុខ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាង​បានថ្លែងថា ពីមុនមនុស្សអត់ផ្ទះរស់នៅ បន្ទាប់មកមនុស្សមានផ្ទះរស់នៅ ហើយមាន​អាគារខ្ពស់ ដែលធ្វើឲ្យអ្នកពូកែ និងមានសមត្ថភាពពួកគេអាចក្លាយជាអ្នកមាន និងអ្នក​មិនសូវឆ្លាតនៅតែក្រីក្រ នេះជាបរិបទទីផ្ដាសេរី។ លោកបន្តថា ពីមុនមិនមានអ្នកណា​មានលុយដើរលេងក្រៅប្រទេស មិនមានលុយទិញរថយន្តទំនើប មិនមានវីឡាដ៏ស៊ីវិល័យទេ ប៉ុន្តែពេលនេះមានហើយ វាបញ្ជាក់ថាប្រទេសកម្ពុជាកំពុងមានភាពរីក​ចំរើន។

លោកបន្តថា “កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានរំពឹងថាក្រុងភ្នំពេញមានភាពរីកចំ​រើនបែបនេះទេ តែពេលនេះវត្តមានអាគារខ្ពស់ៗបានរីកដូចផ្សិត វាជាមោទនភាពមួយ”។លោកបន្តថា “នៅពេលជនបរទេសចុះពីយន្តហោះ ពួកគេឃើញហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេសប្បាយចិត្តនឹងមករស់នៅ និងវិនិយោគ​នៅទីនេះ”។

ភាពរីកចំរើននេះ មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបានកំនើនសេដ្ឋកិច្ចយ៉ាងរឹងមាំនោះទេ ជាក់ស្តែកគិតត្រឹមរយៈពេលពីរទស​វត្សរ៍ កម្ពុជាសម្រេចបានមានកំនើនសេដ្ឋកិច្ច៧,៧ភាគរយគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤ និងរក្សាកំនើនរហូតដល់៧ភាគរយបន្ថែមទៀត សម្រាប់រយៈពេលមធ្យមខាងមុខនេះ។

ទោះជាយ៉ាងណាសេដ្ឋវិទូកម្ពុជា ជាសញ្ញាល្អ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គមនោះទេ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បា​នថ្លែងថា ការមានវត្តមានអាគារខ្ពស់ៗ ការអភិវឌ្ឍន៍ប្រទេស ពិតជាការខិតខំរបស់​រដ្ឋាភិបាល ប៉ុន្តែនៅពេលទីក្រុងមួយមានអាគារខ្ពស់ៗច្រើន មានមនុស្សរស់នៅច្រើន វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងកកស្ទះចរាចរ ហេតុនេះរដ្ឋាភិបាលគួរ​ធ្វើយ៉ាងណា កុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក

ិបាលគួរ​ធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយដែលសម្គាល់ជាអប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយ សម្រាប់សម្គាល់ជាអត្តសញ្ញាណជាតិរបស់កម្ពុជា។

លោកបន្តថា “រដ្ឋាភិបាលមិនគួរធ្វើឲ្យទីក្រុងធំពេកនោះទេ គួររៀបចំទីក្រុង​មួយដែលអា​ច​បង្ហាញនូវអ្វីជាខ្មែរ ជាកន្លែងដែលអាចឲ្យមនុស្សរស់នៅស្រួល និង​មានបរិស្ថានល្អ”។លោកបន្តថា​ “មានការរិះគន់ថាទីក្រុងភ្នំពេញ មិនមានសាលតាំងពិព៌ណ មិនមានកសារៈមន្ទីរ មិនមានតំបន់បៃតង និងមិនមានកន្លែងសម្រាកលំហែរគ្រប់គ្រាន់នោះទេ”។

លោកបានលើកឧទាហរណ៍ជាក់ស្តែងមួយ ពីទីក្រុងវ៉ាស៊ីនតោននៅពេលមួយនោះគឺ សម្បូរពួកអភិជនស្បែកសរស់នៅ ប៉ុន្តែក្រោយមកប្រជាជនស្បែកខ្មៅ និងអ្នក​ក្រីក្រចូលទៅរស់នៅច្រើន ជាលទ្ឋផលពួកអភិជនបានចាកចេញទៅរស់នៅជាយក្រុង ហើយអ្នកក្រីក្រភាគច្រើនរស់នៅក្នុងទីក្រុងវិញ។

បណ្ឌិតម៉ី កល្យាណដែលធ្លាប់ធ្វើការនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងប្រទេសជាច្រើនទៀតនៅទ្វីបអឺរ៉ុបបានបន្តថា “ខ្ញុំមិនគិតថាការមានអាគារខ្ពស់ៗច្រើននៅក្នុងទីក្រុង ឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ច សង្គមរបស់ប្រទេសមួយនោះទេ ប៉ុន្តែប្រជាជនខ្មែរមួយចំនួនមិនគិតបែបនេះទេ ពួកគេគិតថាឡូយ បើទីក្រុងមួយមានអាគារខ្ពស់ៗច្រើន”។

ជាអ្នកវិនិយោគអាគារលំនៅដ្ឋាន ដ៏លេចធ្លោមួយរូបនៅទីក្រុងភ្នំពេញ ដែលបាននិងកំពុងសាងសង់គំរោង The Bridge កំពស់៤៥ជាន់ និងអាគារពាណិជ្ជកម្ម The PeAk តំលៃជិត១០០០លានដុល្លារ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Co, Ltd នៅតែមានសុទិដ្ឋិនិយមចំពោះការរីកចំរើនដែលកម្ពុជាកំពុងសម្រេចបាននេះ។

លោកឧកញ៉ាបន្តថា បើ​យើង​ពិនិត្យ​ទៅលើ​គម្រោង​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ធំៗ គឺ​ចា​ប់​ពី​ទំហំ​ទឹក​ប្រាក់​លើសពី​រយ​លាន​​ឡើង​ទៅ​នៅ​កម្ពុជា គឺ​មាន​ប្រមាណ​៦០​ភាគរយជាការ​វិនិយោ​គ​មកពី​បរទេស ជា​ពិសេស​មក​ពី​ចិន​តែ​ម្តង ហើយ​ភាគច្រើន​នៃ​គម្រោង​របស់​ពួក​គាត់​ទាំងនោះ គឺ​គាត់​បាន​សិក្សា​ទីផ្សារ​យ៉ាង​ច្បាស់​លាស់ និង​កំណត់​គោលដៅ​របស់​ខ្លួន​រួច​ទៅ​ហើយ។ ពួក​គាត់​ក៏​មាន​ទាំង​អតិថិជន​មក​ពី​បរទេស​នៅ​ក្នុង​ដៃ​សឹងតែ​គ្រប់​តម្រូវការ​តែម្តង​។

លោកបានថ្លែងថា “ទីផ្សារ​អចលនទ្រព្យ​នឹង​បន្ត​ដំណើរការ​​ទៅមុខ​ជានិច្ច ​អត់​មាន​អ្វី​ប្រែប្រួល​ប្លែក​​នោះ​ទេ”​។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ីបានថ្លែងថា ការចាកចេញពីឋានៈប្រទេសក្រីក្ររបស់កម្ពុជា មិនត្រឹមតែលើកតំកើងកិត្យានុភាពរបស់កម្ពុជានោះទេ ប៉ុន្តែជាការបង្ហាញពីសក្តានុពលរបស់កម្ពុជា ដែលអាចទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនថែមទៀត ព្រោះពេលប្រជាជននៅប្រទេសណាមួយមានប្រាក់ចំណូលទាប ពួកគេមិនចង់វិនិយោគនោះទេ ផ្ទុយទៅវិញបើកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ពួកគេនឹងមកវិនិយោគនៅកម្ពុជាកាន់​តែ​ច្រើន។

លោកបន្តថា “ពេលកម្ពុជាស្ថិតនៅប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបានគេចាត់ទុកជាប្រទេ​សហានិភ័យខ្ពស់ ផ្ទុយទៅវិញពេលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតហានិភ័យត្រូវបានកាត់បន្ថយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here