ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តបន្ទាយមានជ័យបានអះអាងថា រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៃប្រទេសថៃ មានតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន៥ ក្នុងនោះចំនួន១មិនទាក់ដំណើរការ និងមានរោងចក្រចំនួន២២កំពុងដំណើរការ មានកម្មករបំរើការងារ១១.៥៣៤នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសនេះ ។
លោក អ៊ុំ រាត្រី អភិបាលនែគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ” នាថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ត្រូវបានបណ្ដាក់ទុនវិនិយោគ ដោយជនជាតិខ្មែរជនជាតិខ្មែរ និងជនជាតិថៃ។
លោកបន្តថា សម្រាប់ តំបន់សេដ្ឋកិច្ចពិសេសអូរនាង មានរោងចក្រចំនួន៥ កាត់ដេរ ផលិតប្រអប់ផ្លាស្ទិក និងបង្គំសម្ភារ បរិក្ខាអេឡិចត្រូនិក ប្រអប់គ្រឿងអលង្កា ។ តំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងចក្រចំនួន១២ ផលិតហាតឌីស គ្រឿងបំពាក់រថយន្ត ផលិត ក្បាលចង្កឹះលេខរថយន្ត ស្បែកអំប្រ៊ីយ៉ាម៉ូតូ បង្គំខ្សែភ្លើង បំពង់ដែក គ្រឿងបន្លាស់អគ្គិសនី។
លោកអភិបាលខេត្តបន្តថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី មានរោងចក្រចំនួន២ ផលិតបង្គំខ្សែភ្លើង សេវាជួលឃ្លាំងនិង រោងចក្រ។ តំបន់សេដ្ឋកិច្ចពិសេសលីអ៊ិតនី មិនទាន់ដំណើរការ និង សួនឧស្សាហកម្មក្រុងសិរីសោភ័ណ មានរោងចក្រចំនួន០៣ កាត់ដេរសម្លៀកបំពាក់។
លោកបន្ថែមថា រោងចក្រដែលស្ថិតនៅក្រៅពីតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាកម្ម មានរោងចក្រចំនួន៥គឺ រោងចក្រធីបកូ អេសហ្វលកែឆ្នៃកៅស៊ូឆ្អិននៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល រោងចក្រORIENT& EIGHT HAPPINESS ផលិតបារី អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល រោងចក្រ BAKAVA កិនស្រូវ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រោងចក្រ KOREA កិនស្រូវ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ(ផ្អាកដំណើរការ) និង រោងចក្រហ្វូសហ្វេត និង ខេមីខល ផលិតជីហ្វូសហ្វាតភ្នំធំ ឃុំអូរប្រាសាទ (ផ្អាកដំណើរការ) ។
លោកអ៊ុំ រាត្រីបានបញ្ជាក់ទៀតា ជាមួយគ្នានេះខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ដោយមានសហគ្រាសធុនតូច មធ្យម សិប្បកម្ម មាន១.០៩១មូលដ្ឋាន មានកម្មករនិយោជិក៤.៧៨៨នាក់ ស្រី ២.៤០២នាក់។
ខេត្តបន្ទាយមានជ័យចាប់បដិសន្ធិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ដោយកាត់ចេញពីខេត្តបាត់ដំបង ដែលមុនការបង្កើតខេត្ត ទីរួមខេត្តនេះជាអតីតស្រុកសិរីសោភ័ណ ដែលគេនិយមហៅថាស្រុកស្វាយស៊ីសូផុន កាលនោះមានប្រជាពលរដ្ឋមិនជាច្រើននោះទេ ហេដ្ឋារចនាសម្ព័ន្ធនានានៅជួបការលំបាកនៅឡើយ ដោយសារជួបនឹងសង្រ្គាមរ៉ាំរ៉ៃ ខ្ទេចខ្ទាំ ។
បន្ទាប់ពីទទួលបានសុខសន្តិភាពថ្ងៃ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយ “ឈ្នះ ឈ្នះ” របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តបន្ទាយមានជ័យបានបោះជំហានទៅមុខយ៉ាងលឿនក្រោមទង់សាមគ្គីជាតិ ឯកភាពជាតិ ពិសេសសន្តិភាព៕






