រដ្ឋាភិបាលទទួលបានចំណូលប្រមាណ ២០០០ លានដុល្លារក្នុងរយៈពេល ៤ខែនៅឆ្នាំនេះ

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញរបាយការណ៍ស្តីពីហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ ប្រចាំខែមេសា ឆ្នាំ២០២០នេះ ឱ្យដឹងថាក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួន ៨ ៤២៨ ២៧៧លានរៀល (ស្មើនឹងប្រមាណ២០០០លានដុល្លារ) កើតឡើង១០.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ បើទោះកម្ពុជាជួបវិបត្តិនូវជំងឺ Covid-19 ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថាចំណូលទាំងនេះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ស្មើនឹងជាង១,៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ស្មើនឹងជាង២៣០លានដុល្លារ) និងអំណោយ ៣២៨,៧៧៥លានរៀល (ស្មើនឹង៨០លានដុល្លារ)។

ចំពោះការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅរយៈពេល៤ខែឆ្នាំ២០២០ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ស្មើនឹងប្រមាណជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ប្រភពនៃការចំណាយសំខាន់ៗរួមមាន៖ ចំណាយលើបន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម, ចំណាយការប្រាក់, ការឧបត្ថម្ភធន, ចំណាយ ការឧបត្ថម្ភផ្នែកសង្គមកិច្ច និងចំណាយផ្សេងៗ។

តាមការសន្និដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច ដោយផ្អែកលើទិន្នន័យបឋមនៃការអនុវត្តឆ្នាំ២០២០នេះ ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ នៅតែទទួលបានលទ្ធផលល្អ (កើនឡើង១០.២៩ ភាគរយ) ធៀបនឹងឆ្នាំ២០១៩ ស្របពេលដែលចំណាយសរុបក៏មានសន្ទុះគួរឱ្យកត់សម្គាល់ (កើនឡើង ៣១.៥៦ ភាគរយ)។ បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០៕


ចែករំលែក