ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៤១ លានដុល្លារដល់កម្ពុជា

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជានឹងចុះហត្ថលេខាលើលិខិតប្តូរសារ ផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន ៤.៥០១ លានយ៉េន ស្មើនឹងប្រមាណ ៤១,១ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ៣ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ បញ្ជាក់ថាពិធីចុះចុះហត្ថលេខាលើលិខិតប្តូរសារនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ដោយមានវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គម្រោងចំនួន ៣ រួមមាន អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គ្រោងចំណាយចំនួន ៣, ២លានដុល្លារអាមេរិក ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គ្រោងចំណាយចំនួន ១៩,៨លានដុល្លារអាមេរិក និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវី ១៩ គ្រោងចំណាយចំនួន ១៨,៤០ លានដុល្លារអាមេរិក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


ចែករំលែក