កម្ពុជានឹងបន្តចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅសប្តាហ៍ក្រោយនេះ

0

ដោយវុត្ថា

ភ្នំពេញៈ តាមការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបន្តចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិននាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសប្តាហ៍ក្រោយនេះ ខណៈតាមផែននការនឹងបញ្ចប់ការចរចា និងចុះហត្ថលេខា នៅដំណាច់ឆ្នាំ ២០២០នេះ។


នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មាន ជាមួយវិស័យឯកជនលើការចរចារ លើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជ ដែលដឹកនាំដោយ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចម្បងគឺប្រមូលធាតុចូល ពីភាគីពាក់ព័ន្ធនានា ក្នុងវិស័យឯកជន ដើម្បីជាជំនួយស្មារតីនិងគំនិតយោបល់បន្ថែម ដល់ក្រុមការងារចរចារ ក្នុងការរៀបចំត្រៀមលើកឡើង ក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខតាមការគ្រោងទុក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ រវាង ប្រទេសទាំងពីរ ក្រោមផ្ដួចផ្ដើមគំនិតដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងការយកចិត្តទុកខ្ពស់ របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងបង្កើតឱកាសការងារ។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។


ម្យ៉ាងវិញវិញទៀតកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិ​​ជ្ជកម្ម តាមរយៈការជួយសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានា ដែលមិនចាំបាច់ និងធ្វើឲ្យរាំងស្ទះ ដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួ ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រឹកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗ បន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជូនប្រជាពលរដ្ឋ តាមរយៈការកែលម្អ កិច្ចការពាក់ព័ន្ធនឹងការជំរុញ និងសម្រួលវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋ​​កិច្ចជាតិក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមារហណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និង សកលលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោកលី គឺជាំង នាយករដ្ឋម ន្ត្រីចិន ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here