ដោយ គង់ សូរិយា
ភ្នំពេញ៖ ត្បូងឃ្មុំអាចនិយាយថាជាខេត្តកូនពៅគេ ដែលមានទីរួមខេត្តស្ថិតនៅកណ្តាលព្រៃដើមម៉ៃសាក់ ប៉ុន្តែខេត្តនេះបានរកឃើញនិម្មិតសញ្ញាសម្គាល់អត្តសញ្ញាណខេត្តរបស់ខ្លួនហើយ។
ខេត្តនេះបានជ្រើសរើសយកកុលាលភាជន៍ ដែលជាវត្ថុបុរាណវិទ្យាជាប់ទាក់ទងនឹងប្រវត្តិសាសស្ត្ររបស់ខេត្តកូនពៅគេមួយនេះ។
-->

អតីតអភិបាលខេត្តត្បូងឃ្មុំ លោកប្រាជ្ញ ច័ន្ទអភិបាលខេត្តត្បូងឃ្មុំបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តាមរយៈការសិក្សាជាមួយអ្នកជំនាញ និងពិគ្រោះយោបល់ជាមួយ ថ្នាក់ដឹកនាំរាជបណ្ឌិតសភាកម្ពុជាកន្លងមក ខេត្តបានសម្រេចជ្រើសរើសយកកុលាកុលភាជន៍ ជានិម្មិតសញ្ញារបស់ខ្លួន ដោយសារនិម្មិតសញ្ញានេះជាប់ទាក់ងនឹងប្រវត្តិសាស្ត្ររបស់ខេត្ត ពិសេសទាក់ទងនឹងភូមិមូល ដែលមាននៅក្នុងខេត្តនេះ។
ទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងឃុំស្រឡប់ និងស្ថិតនៅចំណុចប្រសព្វស្រុកចំនួនបី គឺស្រុកត្បូងឃ្មុំ ស្រុកពញ្ញាក្រែក និងស្រុកតំបែរ។
ទាក់ទងនឹងដំណើរការអភិវឌ្ឍន៍ខេត្តថ្មីនេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer foundation Appraisal បានថ្លែងថា ការកសាងអាគាររដ្ឋបាល សាកលវិទ្យាល័យរបស់រដ្ឋឲ្យដំណើរការជាមុន ទើបក្រុមហ៊ុនឯកជនចូលទៅតាមក្រោយ ហើយតាមលោកដឹងមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានចាប់អារម្មណ៍ចូលទៅវិនិយោគនៅក្នុងទីរួមខេត្តថ្មីនេះ ព្រោះមានឧកញ៉ាជាច្រើនបានទិញដីទុកនៅក្នុងតំបន់នេះ។ លោកបន្តថា ការបង្កើតខេត្តថ្មី ទាមទារបង្កើតនូវហេដ្ឋារចនាសម្ព័ន្ឋ និងសេវាសាធារណៈឲ្យបានច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលកំសាន្តផ្សេងៗជាមុនសិន ទើបអាចទាក់ទាញមនុស្សចូលទៅរស់នៅ។

លោកបន្តថា “ ទីរួមខេត្តថ្មីនេះ ប្រៀបដូចជានំមួយដុំ ដែលស្រមោចរោមច្រើន និងប្រៀបបីដូចជាកូនក្រមុំស្អាតមួយ ដែលមិនទាន់តុបតែងខ្លួនផងដែរ។លោកបន្តថា “ អ្វីសំខាន់នាពេលនេះ គឺការរៀបចំសេវាសាធារណៈ ដូចជាចំណតរថយន្ត សន្តិសុខ តំបន់ពាណិជ្ជកម្មគួរត្រូវរៀបចំឡើង ហើយដើម្បីទាក់ទាញមនុស្សចូលទៅរស់នៅ។
លោកឧកញ៉ានួន រិទ្ឋីបន្តថា ការប្រែក្លាយដីព្រៃម៉ៃសាក់ វាលស្រែ ទៅជាទីក្រុងមួយពិតជាមិនងាយស្រួលនោះទេ ដូច្នេះរដ្ឋាភិបាលគួរមានហិរញ្ញប្បទានណាមួយ ដើម្បីសាងសង់ផ្ទះសាធារណៈ និងលក់តំលៃថោកដល់ប្រជាពលរដ្ឋ និងបង់ប្រាក់រំលោះរយៈពេលវែង នឹងអាចទាក់ទាញឲ្យមនុស្សចូលទៅរស់នៅច្រើន។
ទីក្រុងនេះមានទំហំ២០០០ហិកតា ក្នុងប្លង់គោលអភិវឌ្ឍន៍ជំហ៊ានតំបូង ដែលបានគូរប្លង់ដោយលោកបណ្ឌិតបេងហុង សុជាតិ ខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
លោកបណ្ឌិតបេង ហុង សុជាតិ ខេមរ៉ូបានថ្លែងថា ការបំពាក់ហេដ្ឋារចនាស ម្ព័ន្ឋតំលៃរាប់រយលានដុល្លាររបស់រដ្ឋាភិបាល ទៅលើទីរួមខេត្តថ្មីនេះជាការទាក់ទាញដ៏ធំមួយហើយសម្រាប់ទីក្រុងថ្មីនេះ។ លោកបន្តថា រដ្ឋាភិបាលលើកទឹកចិត្តចំពោះក្រុមហ៊ុនឯកជន ដែលចង់ទៅធ្វើការវិនិយោគនៅទីរួមខេត្តថ្មីនេះ ក៏ដូចជាបណ្តាខេត្តដទៃទៀត។
ខេត្តត្បូងឃ្មុំ មានស្រុកចំនួន៦ និងក្រុងចំនួន១ គឺស្រុកក្រូចឆ្មារ តំបែរ មេមត់ ពញ្ញាក្រែក ត្បូងឃ្មុំ អូររាំងឪ និងក្រុងសួង និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមា ណជាង៩០ម៉ឺននាក់។
អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបលោកឧកញ៉ាលី ហួរបានថ្លែងថា លោកមានគំរោងវិនិយោគលំនៅដ្ឋាន និងផ្សារនៅក្នុងទីក្រុងថ្មី នៃខេត្តត្បូងឃ្មុំនាពេលខាងមុខ ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់នោះទេ និងមិនបញ្ជាក់ឲ្យដឹងពីទំហំវិនិយោគ ដែលលោកគ្រោងវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងខេត្តទេ៕