ក្រុមហ៊ុនកូរ៉េបង្ហាញបំណងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម នៅក្នុងទីក្រុងភ្នំពេញ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញ៖  ក្រុមហ៊ុនDaehan Groupរបស់កូរ៉េ បង្ហាញបំណងវិនិយោគលើគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) នៅក្នុងទីក្រុងភ្នំពេញ ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ដែលមានលទ្ធភាពជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។

លោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Groupប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៥មិថុនាម្សិលមិញនេះបានឱ្យដឹងថា  គម្រោងនាំចូល និងដាក់ឲ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ហើយអាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។

លោកបន្តថា “ម៉ូតូនេះមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រីមុននឹងនាំចូលនិងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្តែងការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យក្រុមហ៊ុនផ្ដោតជាសំខាន់ លើការប្រើប្រាស់មធ្យោបា យធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។


ចែករំលែក