ដោយវុត្ថា
បាត់ដំបងៈ រហូតមកដល់បច្ចុប្បន្ននេះ គ្រឹស្ថានវិស័យធនាគារ និងហិរញ្ញវត្ថុចំនួន ៥៥ ដែលរួមមានធនាគារពាណិជ្ជកម្មចំនួន២០ ធនាគារឯកទេសចំនួន២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២២ ព្រមទាំងប្រតិបត្តិករជនបទចំនួន១៣ បាននឹងកំពុងដំណើរការប្រតិបត្តិក្នុងខេត្តបាត់ដំបង ដែលបាននិងកំពុង ជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែរីកចំរើន។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវធនាគារជីបម៉ុង ខមមើសលប៊ែង សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះឱ្យដឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ មិនត្រឹមតែបោះទុនវិនិយោគនេះក្នុងក្រុងតែប៉ុណ្ណោះទេ គឺមានការបោះទុនវិនិយោគដល់ទីជនបទ ដែលនេះសបញ្ជាក់ថា ខេត្តបាត់ដំបងមានសុវត្ថិភាពពេញលេញ គ្មានភាពភ័យខ្លាចដល់វិនិយោគិនឡើយ ។
លោកអភិបាលខេត្តបន្តថា “នេះជាមោទនភាពមួយសម្រាប់ខេត្តបាត់ដំបង ដែលមានអ្នកវិនិយោគទុនចាប់ផ្ដើមវិនិយោគ ជាពិសេសវិស័យធនាគារក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនជាលំដាប់ ដើម្បីផ្ដល់សេវាកម្ម បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តបាត់ដំបងឲ្យកាន់តែមានភាពសម្បូរបែប”។
លោកងួន រតនៈបានបន្តថា ក្រោយដាក់ជូននូវគោលនយោបាយឈ្នះៗ របស់រាជ រដ្ឋាភិបាល ខេត្តបាត់ដំបងមានការរីកចម្រើនជាលំដាប់ ទាំងផ្នែកកសិកម្ម ឧស្សាហកម្ម មានលទ្ធភាព ក្នុងការនាំចេញដំណាំកសិកម្មក៏កាន់តែប្រសើរឡើង ធ្វើឲ្យខេត្តមួយនេះ បានធ្វើការទាក់ទាញអ្នកវិនិយោគជាច្រើន ចូលមកវិនិយោគខេត្តមួយនេះ កើនឡើងជាលំដាប់ឥតឈប់ឈរ។

លោកបន្តទៀតថា ស្របពេលសព្វថ្ងៃនេះកម្ពុជ កំពុងជួបនូវវិបត្តិកូវីឌ-១៩ ប្រជាពលរដ្ឋមួយចំនួន មានការប៉ះពាល់ដល់ជីវភាពពួកគេ ធ្វើឲ្យមានការប៉ះពាល់ដល់ការបង្វិលប្រាក់សំណងត្រឡប់ទៅវិញ ដូចនេះក្នុងនាមជារដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ធនាគារទាំងឡាយដែលកំពុងប្រតិបត្តិ ជួយពិនិត្យលទ្ធភាពធ្វើការពន្យា ឬកុំផាកពិន័យ តាមដែលអាចធ្វើទៅបានដើម្បីធានាថា ប្រជាពលរដ្ឋមានជីវភាពប្រសើរ ស្របពេលដែលវិស័យធនាគារនៅតែរឹងមាំដដែល។
លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ជាមួយនឹងការរីកចម្រើននូវវិស័យធនាគារ ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសរក្សាសុខសន្ដិភាពសង្គម ស្ថិរភាពនយោបាយ ដើម្បីទាក់ទាញអ្នកវិនិយោគទុន ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
លោកបានបន្តទៀតថា ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមជាតិ ធនាគារជាតិនៃកម្ពុជា បានដាក់វិធានការដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដូចជា ការកំណត់អាត្រាការប្រាក់ឥណទាន និងវិធីសាស្រ្ដគណនាអាត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ និងស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុអនុគ្រោះដល់អតិថិជនជាដើម៕






