ដោយ ប៊ី
ភ្នំពេញៈ ការសិក្សានាពេលថ្មីៗនេះបានរកឃើញថា ប្រទេសកម្ពុជាមានតម្លៃសេវា Internet តាមទូរស័ព្ទចល័តថ្លៃបំផុតជាគេមួយនៅអាស៊ីអាគ្នេយ៍។
របាយការណ៍ចេញផ្សាយក្នុងសប្តាហ៍កន្លងមកនេះ (ថ្ងៃទី៥ ខែមិថុនា) ដោយក្រុមហ៊ុនទូរគមនាគមន៍ Cable ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរកឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានតម្លៃថ្លៃជាងគេទីបួននៅក្នុងតំបន់ នៅពេលនិយាយអំពីការប្រើប្រាស់សេវា Internet តាមទូរស័ព្ទចល័ត។
ការរកឃើញនេះបានធ្វើឡើង បន្ទាប់ពីការសិក្សាមួយផ្សេងទៀត ដែលបានរកឃើញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ដែលមានតំលៃរស់នៅខ្ពស់បំផុត។ ការសិក្សានោះដែលធ្វើឡើង ដោយគេហទំព័រ Numbeo ដែលមានមូលដ្ឋាននៅប្រទេសស៊ែប៊ីបានរកឃើញថា ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានតម្លៃថ្លៃជាងគេទីបួនដែលរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅប្រទេសកម្ពុជា សេវា Internet ទូរស័ព្ទចល័ត ១ជីកាបៃ (GB) សម្រាប់រយៈពេល ៣០ថ្ងៃ មានតម្លៃជាមធ្យម ១.៥០ដុល្លារ។ តម្លៃខ្ពស់បំផុតនៅកម្ពុជាសម្រាប់សេវា Internet ទូរស័ព្ទចល័ត ១ ជីកាបៃគឺ ៦,២៥ ដុល្លារ ក្នុង១ជីកាបៃ រីឯ ០,២៥ ដុល្លារក្នុង១ជីកាបៃគឺទាបបំផុត។
តម្លៃសម្រាប់ ១ជីកាបៃនៅកម្ពុជា គឺខ្ពស់ជាងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដូចជាអូស្ត្រាលី (០,៦៨ ដុល្លារ/១ ជីកាបៃ) បារាំង (០,៨១ ដុល្លារ/១ ជីកាបៃ) អូទ្រីស (១,០៨ ដុល្លារ/១ ជីកាបៃ) និងចក្រភពអង់គ្លេស (១,៣៩ ដុល្លារ/១ ជីកាបៃ) ដែលតម្លៃការរស់នៅគឺខ្ពស់ណាស់។
ការសិក្សាដដែលបានរកឃើញថា ប្រទេសជិតខាងវៀតណាម លក់សេវា Internet ទូរសស័ព្ទចល័តទាបបំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ នៅទូទាំងពិភពលោក ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០ ។
តម្លៃជាមធ្យមសម្រាប់១ជីកាបៃ នៅក្នុងប្រទេសវៀតណាមគឺត្រឹមតែ០,៥៧ ដុល្លារប៉ុណ្ណោះ។ នៅក្នុងតំបន់ប្រទេសឥណ្ឌូនេស៊ី (០,៦៤ ដុល្លារ/១ ជីកាបៃ) មីយ៉ាន់ម៉ា (០,៧៨ ដុល្លារ/១ ជីកាបៃ) ម៉ាឡេស៊ី (១,១២ ដុល្លារ/១ ជីកាបៃ) ថៃ (១,២៣ ដុល្លារ/ ១ជីកាបៃ) និងហ្វីលីពីន (១,៤២ ដុល្លារ/១ ជីកាបៃ) ។ ប្រទេសឡាវគឺជាទីផ្សារដែលតម្លៃសេវាInternet ទូរស័ព្ទថ្លៃជាងគេបំផុតនៅក្នុងតំបន់ (៤,១៦ ដុល្លារ / ១ ជីកាបៃ) បន្ទាប់មកគឺប្រទេសប្រ៊ុយណេដារូសាឡឹម (២,៦៤ ដុល្លារ / ១ ជីកាបៃ) និងសឹង្ហបុរី (២,៤៧ ដុល្លារ / ១ ជីកាបៃ)។
ដើម្បីធ្វើការចំណាត់ថ្នាក់នេះ ក្រុមហ៊ុន Cable បានធ្វើការវិភាគលើផែនការទិន្នន័យចល័តចំនួន៥,៥៥៤ នៅក្នុងប្រទេសចំនួន ២២៨ ។ តម្លៃជាមធ្យមសម្រាប់ទិន្នន័យចល័ត ១ជីកាបៃ នៅក្នុងប្រទេសនីមួយៗបានបម្រើ ជាមូលដ្ឋានសម្រាប់ការធ្វើចំណាត់ថ្នាក់៕