ដោយវុត្ថា
សៀមរាប៖ រដ្ឋបាលខេត្តបាន និងកំពុងដំណើរការកែលម្អសោភណភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចសងខាងផ្លូវជាតិលេខ៦ នៅមុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងឱ្យកាន់តែមានភាពទាក់ទាញ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងកាលពីកន្លងមកថ្មីៗនេះ ថា ការកែលម្អសោភណភាព និងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលើនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។
លោកបន្តថា គម្រោងកែលម្អសោភ័ណ្ឌភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចនេះ នឹងរុះរើចិញ្ចើមផ្លូវក្រាលការ៉ូឡា ហើយជំនួសដោយកៅស៊ូបេទីមAC ព្រមទាំងមានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។
លោកបញ្ជាក់ទៀតថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់ការរៀបចំសណ្តាប់ធ្លាប់ សនិ្តសុខ និងសុវត្ថិភាពសារធារណៈ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ដើម្បីឱ្យសាកសមជាទីក្រុងទេសចរណ៍ និងទាក់ទាញទេសចរណ៍ និងវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត ៕






