ដោយ ហ្សូលី
កូឡាឡាំពួរៈ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ប្រទេសខ្លួននឹងបើកឡើងវិញនូវរាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់ និងអនុញ្ញាតឱ្យមានការធ្វើដំណើរអន្តររដ្ឋ ចាប់ពីថ្ងៃទី ១០ ខែមិថុនា ដោយដកការរឹតត្បិតការធ្វើដំណើរដោយសារមេរោគCovid-19 ដែលត្រូវបានដាក់ជិត៣ខែមកហើយ ខណៈដែលប្រទេសនេះសន្យាថា ធ្វើឱ្យសេដ្ឋកិច្ចមានភាពរ៉ឹងមាំឡើងវិញ។

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Muhyiddin Yassin បានប្រកាសនៅក្នុងសុន្ទរកថា មួយតាមទូរទស្សន៍កាលពីថ្ងៃយប់ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ ២០២០ ថា យើងទទួលបានជោគជ័យលើការគ្រប់គ្រង ការផ្ទុះវីរុស Covid-19 ហើយ។
លោកនាយករដ្ឋមន្ត្រី Yassin បានមានប្រសាសន៍បន្តថា“ ខ្ញុំដឹងថារដ្ឋាភិបាលមិនអាចគ្រប់គ្រងជីវិតរបស់អ្នកជារៀងរហូត ដើម្បីគ្រប់គ្រងវីរុសនោះទេ”។
រដ្ឋាភិបាលនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម ការអប់រំ និងសាសនាតាមដំណាក់កាល ដែលមានគោលការណ៍ណែនាំសុខភាព ចំណែកឯអាជីវកម្ម និងមុខជំនួញនានាក្នុងប្រទេស នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅដំណើរការ តាមម៉ោងធម្មតាវិញសារជាថ្មី។
ប្រមុខដឹកនាំរូបនេះ បានលើកទឹកចិត្តឱ្យមានថ្ងៃឈប់សម្រាកក្នុងស្រុក ខណៈដែលការធ្វើដំណើររវាងរដ្ឋនានា នឹងត្រូវអនុញ្ញាត ប៉ុន្តែលោកបានបញ្ជាក់ថា ព្រំដែនអន្តរជាតិនឹងនៅតែបន្តបិទ។ មជ្ឈមណ្ឌលកម្សាន្តដូចជា សួនកម្សាន្ត និងក្លឹបរាត្រី កន្លែងកីឡាដែលពាក់ព័ន្ធនឹងការទាក់ទងជិតស្និទ្ធ រួមទាំងព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងការជួបជុំមនុស្សជាច្រើន ក៏នៅតែចាត់វិធានការមិនត្រូវបានអនុញ្ញាតដែរ។
ប្រទេសម៉ាឡេស៊ីបានបើកអាជីវកម្មឡើងវិញជាបណ្តើរៗ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជាមួយនឹងពិធីការផ្សេងៗនៅក្នុងសង្គម បន្ទាប់ពីបានបិទអាជីវកម្ម និងសាលារៀនទាំងអស់ ដោយហាមឃាត់ការជួបជុំសាធារណៈ និងការរឹតត្បិតការធ្វើដំណើរកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០កន្លងទៅ។

ល្បឿននៃការឆ្លងវីរុសថ្មីនៅក្នុងប្រទេស ដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្មីៗនេះថា ឱនភាពសារពើពន្ធរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងជិតទ្វេដង ដែលមានទំហំប្រហែល៦ភាគរយ នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំនៅឆ្នាំនេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញ។
ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានប្រកាសអំពីថវិកា លើកទឹកចិត្តដែលមានតម្លៃប្រមាណ៦៩ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ ដោយរដ្ឋាភិបាលបានប្តេជ្ញាថា នឹងចាក់បញ្ចូលទឹកប្រាក់មួយចំនួននៃចំនួនសរុបក្នុងវិស័យសេដ្ឋកិច្ច៕







