ដោយវុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញប្លង់គោលប្រើប្រាស់ដីបានចំនួន១០១ នៅទូទាំងប្រទេសដោយក្នុងនោះ ថ្នាក់រាជរាធានី-ខេត្តចំនួន៣ និង ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន ១៤ និងឃុំ សង្កាត់ចំនួន៨៤នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគូរូបនីយកម្ម និងសំណង់ដែលផ្សព្វផ្សាយកាលពីខែឧសភា ថ្មីៗនេះបានបង្ហាញឱ្យដឹងថា ប្លង់គោលដែលប្រើប្រាស់ដីសម្រាប់ថ្នាក់រាជរាធានី-ខេត្តចំនួន ៣ រួមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
សម្រាប់ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនចំនួន១៤ រួមមាន ទីរួមខេត្តត្បូងឃ្មុំ ក្រុងបាត់ដំបង ទីប្រជុំជកោះរ៉ុង ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងសៀមរាប ក្រុងខែមរភូមិន្ទ ក្រុងបូកគោ ក្រុងបាវិត ក្រុងប៉ោយប៉ែត ក្រុងស្ទឹងត្រែង ទីប្រជុំជនជ្រៃធំនៃស្រុកកោះធំ និងទីប្រជុំស្វាយអន្ទរ និង ថ្នាក់ឃុំសង្កាត់មានចំនួន ៨៤នៅទូទាំងប្រទេស។
នាយិការក្រុមហ៊ុន CBRE Cambodia ប្រចាំកម្ពុជា លោកស្រី អាន សុធីតាបានមានប្រសាសន៍ឱ្យដឹងដែរថា ការរៀបចំឱ្យមានការប្លង់គោលប្រើប្រាស់ដី នៅគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា បានផ្តល់នូវភាពងាយស្រួល ក្នុងការអភិវឌ្ឍក្រុង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលវែងទៅមុខទៀត ។
លោកស្រីបន្តថា “ការដាក់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពចំពោះប្លង់គោលប្រើប្រាស់ដីនេះ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ជាពិសេសលើការរៀបចំនគរូបនីយកម្ម និងសំណង់ក្នុងខេត្តក្រុងនានា”។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចធ្វើការកំណត់ ការប្រើប្រាស់ដីតាមប្លង់គោល នៅតាមបណ្តាស្រុក-ក្រុងនៅទូទាំងប្រទេស និងជាផែនការយុទ្ធសាស្ត្រ សម្រាប់បែងចែកនៃការប្រើប្រាស់ដី ដើម្បីឈានទៅរកការអភិវឌ្ឍ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីនៅគ្រប់រាជធានី-ខេត្ត និងរៀបចំទុកជាឯកសារយុទ្ធសាស្ត្រគោល បម្រើឱ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាល និងគោលដៅ ទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតំរង់ទិសការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត និងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជន និងចំនួនប្រជាជន តាមរយៈការតម្រង់ទិស និងជម្រុញការវិនិយោគសាធារណៈ ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ៕






