ដោយ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់៦ភាគរយនៅឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗនឹង ផ្សេងទៀតនឹងមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១។ នេះបើយោងតាមការរបាយការណ៍របស់ធនាគារពិភពលោក ឬWorld Bank (2020 Global Economic Prospects) ដែលគេទំព័រPropertyarea.asiaទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍ 2020 Global Economic Prospects ដែលបោះពុម្ពផ្សាយកាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។
ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។
ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា “វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០”។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា “ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត”៕






