អភិបាលខេត្តព្រះសីហនុ រំពឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុនឹងបញ្ចប់តាមផែនការ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ បានអះអាងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ (Express Way ) នឹងបញ្ចប់ទៅតាមផែនការ ខណៈការស្ថាបនាបាននឹងធ្វើយ៉ាងសកម្ម និងសម្រេចបានប្រមាណ ២០ភាគរយ ។

លោក គួច ចំរើន នៅក្នងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ បញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺមានសក្តានុពលខ្ពស់ក្នុងការដឹកញ្ជូនទំនិញ និងជាផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោកបន្តថា តាមផែនការផ្លូវនេះ នឹងបញ្ចប់នៅក្នុងចុងឆ្នាំ ២០២២ ខាងមុខនេះ ដែលនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការរីកចំរើនទៅមុខ និង ស្របតាមការគិតគូររបស់រាជរដ្ឋាភិបាលប្រែក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាតំបន់សេដ្ឋកិច្ចពហុបំណង។

តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីកន្លងមកនេះ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។

លោក គួច ចំរើន បានសន្យាថា បញ្ហាប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូល ត្រូវមាននិយាមការច្បាស់លាស់ ដើម្បីស្នើទៅក្រសួងសាម៉ី។ ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំដល់ក្រុមហ៊ុន ឱ្យជួយពង្រីកស្ពានឱ្យបាន ១៧,២៥ម៉ែត្រផងដែរ។

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

LEAVE A REPLY

Please enter your comment!
Please enter your name here