ដោយ ប៊ី
ភ្នំពេញៈ ទិន្នន័យការិយាល័យស្ថិតិជំរឿន ទិន្នន័យពាណិជ្ជកម្មរបស់អាមេរិកបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំនេះមានទំហំទឹកប្រាក់២,១ពាន់លានដុល្លារ កើនឡើង២៩,៣១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន១,៦៥ពាន់ដុល្លារ។

ទិន្នន័យដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះបានឱ្យដឹងថា តម្លៃនាំចេញទំនិញកម្ពុជាក្នុងរយៈពេល ២,០២៤២ ពាន់លានដុល្លារកើនឡើង៣៦,៦៦ ភាគរយបើធៀបនឹងឆ្នាំ២០១៩ ដែលមាន១,៤៨១១ ពាន់លានដុល្លារ ហើយទំនិញនាំចូលពីអាមេរិកមានតម្លៃ១០៨,២ លានដុល្លារធ្លាក់ចុះ ៣៥,៤ ភាគរយពី ១៦៧,៥ លានដុល្លារ។
លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាមេរិក នឹងផ្តល់នូវលទ្ធផល ប្រកបដោយផ្លែផ្កាកាន់តែមានធំធេងថែមទៀត។
ទិន្នន័យការិយាល័យជំរឿនអាមេរិកបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួនសរុប៥.៨៧ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង៣៨,០៥ ភាគរយ បើប្រៀបធៀបទៅនឹង ៤,២៥២៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។
ការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិកមានចំនួន៥.៣៥៦៨ពាន់លានដុល្លារកាលពីឆ្នាំមុន បើប្រៀបធៀបនឹង៣,៨០៦៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ខណៈការនាំចូលមានចំនួន៥១៤លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន ៤៤៥,៩ លានដុល្លារ។
កម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំទី៦៦ របស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕






