ដោយវុត្ថា
កំពតៈ អភិបាលខេត្តកំពត លោកជាវ តាយបានស្នើទៅសភាពាណិជ្ជកម្មខេត្តកំពត-កែប ជម្រុញដល់ការសាងសង់ផ្សារនៅតាមច្រកទ្វារព្រំដែន ស្របតាមអនុសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចរាចរទំនិញបានឆាប់រហ័ស និងស្របច្បាប់។
លោកអភិបាលខេត្តកំពតបានស្នើបែបនេះ ខណៈលោក បានអនុញ្ញាតឲ្យប្រតិភូសភាពាណិជ្ជកម្មខេត្តកំពត-កែប ដែលដឹកនាំដោយ លោកឧកញ៉ាហាក់ សុវណ្ណា ជួប ពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនៈភាពការងាររបស់សភាពាណិជ្ជកម្មកំពត-កែបនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០នេះ ។
លោកបបន្តថា “សភាពាណិជ្ជកម្មខេត្តកំពត-កែប កន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើន ពិសេសខេត្តកំពត ហើយពេលបច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរក្នុងខេត្តបានកើនឡើង ពិសេសតំបន់អេកូទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងនោះប្រមាណភ្ញៀវទេសចរ៥២%បានទៅលេងនៅតំបន់ទឹកឈូ”។
លោក ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានឱ្យដឹងថា ក្នុងនាមសភាពាណិជ្ជកម្មខេត្ត នឹងរៀបចំផ្សារសម្រាប់ដោះដូរទំនិញ នៅតាមច្រកទ្វារព្រំដែនឲ្យបានឆាប់រហ័ស ស្របតាមផែនការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។
លោកបន្តថា “ សភាពាណិជ្ជកម្មខេត្ មានតួនាទី ក្នុងការសម្របសម្រួលជាមួយ វិស័យសាធារណៈ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យវិស័យទាំង២នេះ មានសុខដុមនីយកម្មជាមួយគ្នា”។
លោកបន្ថែមថា ជាមួយគ្នានេះ សភាពាណិជ្ជកម្មខេត្ត កៀរគរវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មកវិនិយោគទុកក្នុងខេត្ត ដោយកន្លងមក មានវិនិយោគគិនជាច្រើនបានចាប់អារម្មណ៍ខេត្តកំពតខ្លាំង។
លោកហាក់ វណ្ណាបានបន្តថា ដោយឡែកក្នុងខេត្តយើងមិនទាន់មានផែនទី កំណត់សម្រាប់អនុវត្ត តំបន់កសិកម្មតំបន់ណា តំបន់កសិឧស្សាហកម្មតំបន់ណា តំបន់អេកូទេសចរណ៍តំបន់ណា ដូចនេះ សភាពាណិជ្ជកម្មខេត្ត ស្នើសុំធ្វើការនេះជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីងាយស្រួលនាពេលក្រោយ បង្ហាញដល់វិនិយោគគិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីន្លងមកនេះ បានបញ្ជារឲ្យអភិបាលខេត្តនៃខេត្តកំពត និងខេត្តស្វាយរៀង សិក្សាទីតាំងសាងសង់ផ្សារគំរូព្រំដែន ឲ្យបានសមរម្យ ក្នុងខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែន។
សម្តេចតេជោថ្លែងថា “ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន ហើយការសាងសង់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភភិបាលកម្ពុជា”៕






