ពាក្យចចាមអារ៉ាមៈរដ្ឋាភិបាលគ្រោងកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ ចូលមកកាន់ រាជធានីភ្នំពេញ

0

ដោយគង់ សូរិយា និង រ៉ាណេត

        ភ្នំពេញៈ យោងតាមប្រភពព៌តមានគួរឲ្យទុកចិត្តបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងកាត់ដែនរដ្ឋបាលនៃក្រុងតាខ្មៅ ដែលស្ថិតក្នុងខេត្តកណ្តាលដាក់បញ្ចូលមកក្នុងរដ្ឋបាលរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខនេះ។

          មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់គេហ​ទំព័រPropertyarea.asiaកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការនិងឯកសារបទដ្ឋានគតិយុត្តិនានា​ ដើម្បីរើរដ្ឋបាលខេត្តកណ្តាលទៅកាន់ស្រុកស្អាង ខេត្តកណ្តាល ហើយកាត់ដែនរដ្ឋបាលក្រុងតាខ្មៅបច្ចុប្បន្ន មកជាចំណុះឲ្យរាជធានីភ្នំពេញ។លោកបន្តថា ការកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ មកចូលរាជធានីភ្នំពេញ ដោយសារការរីកចម្រើននៃទីក្រុងភ្នំពេញ និងកំនើនប្រជាពលរដ្ឋមានការកើនឡើង។

ការកាត់ក្រុងតាខ្មៅមកកាន់រាជធានីភ្នំពេញ នឹងធ្វើឲ្យតម្លៃអចលនទ្រព្យនិងសក្តានុពលនៃការអភិវឌ្ឍនឹងមានការរីកចម្រើនកាន់តែខ្លាំង។

មន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តកណ្តាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះផងដែរថា ពិតជាមានសំណើររបស់ក្រសួងមហាផ្ទៃ បានស្នើសុំកាត់ដែនរដ្ឋបាលក្រុងតាខ្មៅទំហំ៣០៣ហិកតា ស្ថិតក្នុងសង្កាត់តាក្តុល មកចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញពិតមែន ប៉ុន្តែសំណើររបស់ក្រសួងមហាផ្ទៃទាំងពីរលើក មិនទាន់សម្រេចនៅឡើយ ដោយសារពាក់ព័ន្ឋនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានអនុម័តប្លង់គោលប្រើប្រាស់់ដីធ្លីលំអិតក្រុងតាខ្មៅរួចហើយ។

          មន្រ្តីដដែលបានបន្តថា ការកាត់ដែនរដ្ឋបាលមកកាន់រាជធានី ពិតជាមានមែន ប៉ុន្តែមិនមែនចេះតែធ្វើនោះទេ វាទាមទារឲ្យក្រុងភ្នំពេញរៀបចំ ឯកសាររដ្ឋបាលជាក់លាក់ផងដែរថា តើកាត់ចូលនិងមានផែនការអភិវឌ្ឍន៍ដូចម្តេច”។លោកបន្តថា “តាមព៌តមានខ្ញុំទទួលបាន គឺមិនមានការរើក្រុងតាខ្មៅទៅកាន់ស្រុកស្អាងនោះទេ ព្រោះសំណើរសុំកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញមិនមានទំហំធំននោះទេ”។

អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋទូរស័ព្ទនារសៀលថ្ងៃទី៩ មិថុនានេះថា ទាក់ទងនឹងបញ្ហានេះ គណកម្មការសូរិយោដី និងគណកម្មការខេត្តមមិនទាន់បានជជែកគ្នានៅឡើយទេ ហេតុនេះព៌តមាននេះមិនទាន់ជាផ្លូវការនៅឡើយទេ។

លោកបន្តថា “នេះជាព៌តមានមិនផ្លូវការទេ វាជាព៌តមានរបស់បុគ្គលមួយចំនួនដែលចេះតែស្រមើស្រម័យ និយាយតាមគ្នាប៉ុណ្ណោះ។ សំរាប់មន្រ្តី និងប្រជាពលរដ្ឋខេត្តកណ្តាលពួកគេរស់នៅ ដោយរីករាយហើយនៅក្នុងក្រុងនេះ ដែលមានការធ្វើចរាចរណ៍ប្រកបដោយសណ្តាប់ធ្នាប់ និងរស់នៅដោយសន្តិសុខល្អប្រសើរ”។លោកបន្ថែមថា “នៅទីណាក៏ដោយឲ្យតែមានការអភិវឌ្ឍន៍ សុទ្ឋតែជារឿងល្អប្រសើរ”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here