ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសជប៉ុន ក៏ដូចជានៅតាមបណ្តាប្រទេសនានាលើសាកលលោក ក្រមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុនបានសម្រេចផ្អាកការហោះហើរទាំងស្រុងមកកាន់ប្រទេសកម្ពុជារហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ ។
តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើការជូនដំណឹងដល់សាធារណៈជនទូទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា ដោយសារការរីករាលដាលនៃជំងឺឆ្លង Covid-19 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលមានឈ្មោះថា ALL NIPPON AIRWAY (ANA) បានសម្រេចផ្អាកជើងហោះហើរ ភ្នំពេញ-ណារីតា – ភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
ដោយឡែកសម្រាប់កិច្ចដំណើរការហោះហើរឡើងវិញជាក់លាក់នៅពេលសមស្របណាមួយនោះ ក្រុមហ៊ុននឹងប្រកាសជូនដំណឹងនៅពេលក្រោយ។






