កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន គ្រោងចុះហត្ថលេខានៅចុងឆ្នាំ២០២០

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ដែលបាន និងកំពុងចរចាជិតដល់ទីបញ្ចប់ ដែលនឹងនាំមកនូវភាពល្អប្រសើរដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីលទ្ធផលនៃការចរចាជុំទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-ចិន បានឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចរចាលើការធ្វើពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានជួបប្រជុំគ្នាជាថ្មីម្តង តាមរយៈប្រព័ន្ធវីដេអូ។

ក្រនៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ ទៅលើការបើកច្រកទីផ្សារ ផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេស ឱ្យកាន់តែកើនឡើងថែមទៀត។

ក្នុងកិច្ចពិភាក្សានេះ ក្រុមការងារបច្ចេកទេសទាំង១០ក្រុម ក៏បានរាយការណ៍ពីវឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍លើបញ្ហាប្រឈម ផ្នែកបច្ចេកទេសច្បាប់ និងគោលនយោបាយពីប្រធាន ក្រុមអ្នកចរចានៃប្រទេសទាំងពីរ ហើយបានឯកភាពលើគោលការណ៍ សំខាន់ៗ ទាក់ទងនឹងការបើកច្រកទីផ្សារផ្នែកទំនិញ និងសេវាកម្មផងដែរ។ ជាមួយគ្នានេះ ក្រុមការងារទាំង២ភាគី គ្រោងនឹងស្នើសុំគោលការណ៍ ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រម លើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here