ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់នៅខេត្តកំពតសម្រេច ៨០% និងដាក់ឱ្យដំណើរនៅឆ្នាំ២០២១

ចែករំលែក

ដោយវុត្ថា

កំពត៖ ដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ របស់សហគ្រាស ម្សៅបៀកភ្នំមាស ស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលកំពុងសាសង់បានប្រមាណជា ៨០% និងត្រូវដាក់ដំណើរនៅឆ្នាំ២០២១ ខាងមុខនេះ ។

នេះ បើយោងតាម លទ្ធផលនៃការចុះពិនិត្យដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់នេះកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ ២០២០ ម្សិលមិញនេះ របស់លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ។

លោកជាវ តាយ ថ្លែងថា រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋចំនួន ៨០០.០០០ដុំ (ប៉ែតសិបម៉ឺនដុំ) ក្នុងមួយថ្ងៃ ។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ងាយស្រួលក្នុងការប្រើប្រាស់ ។

លោកអភិបាលខេត្តបានកោតសរសើរចំពោះម្ចាស់សហគ្រាសដែលមានគំនិតផ្តួចផ្តើមសាងសង់រោងចក្រនេះឡើងដែលមានលក្ខណៈទំនើប ដែលត្រូវនឹងសភាពការណ៍អភិវឌ្ឍន៍នាពេលបច្ចុប្បន្នលើវិស័យសំណង់ក្នុងខេត្តកំពតកំពុងមានសន្ទុះកើនឡើង ធានានូវការផ្គត់ផ្គង់ឥដ្ឋសម្រាប់ការដ្ឋានសាងសង់នីមួយៗបានគ្រប់គ្រាន់និងទាន់ពេលវេលា ។

ជាមួយគ្នានេះ លោក ជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលជូនដល់សហគ្រាសក្នុងការសាងសង់រោងចក្រផលិតឥដ្ឋនេះទទួលបានជោគជ័យ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ។

លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលធ្លាប់បានឱ្យដឹងកន្លងមកនេះថា ដោយសារមានការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យរ៉ែ បានបើកចំហរ និងជំរុញឱ្យក្រុមហ៊ុនឯកជននានាបមកធ្វើការសិក្សាស្រាវជ្រាវ និងវិយោគយ៉ាងផុលផុសក្នុងការផលិតសម្ភារៈសំណង់។ជាមួយគ្នានេះ វិស័យរ៉ែបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ។

លោកបន្ថែមទៀតថា “កន្លងមកនេះ ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន និងអាជីវករ ធ្វើអាជីវកម្មរ៉ែសំណង់ និងផលិតសម្ភារៈសំណង់ ដែលអាចបំពេញបាននូវការប្រើប្រាស់នៅក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាដោយពុំមានការខ្វះខាត”។

លោកពន្យល់ថា “រ៉ែសំណង់នេះផ្តោតសំខាន់ៗទៅលើ គ្រួស ខ្សាច់ និងថ្ម រួមជាមួយនឹងការផលិតជាដើមដែលជាវត្ថុធាតុដើមសម្រាប់បំរើឱ្យវិស័យសំណង់ បំពេញបានគ្រប់គ្រាន់តម្រូវតាមសេចក្តីត្រូវការរបស់សេដ្ឋកិច្ច និងសង្គម និងតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ”។

លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងកំហុកលើវិស័យសំណង់ យើងក៏ត្រូវការធនធានរ៉ែសំណង់យកមកផ្គត់ផ្គង់។ ជាមួយគ្នានេះ យើងបានដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតបានជាង ៨ លានតោនក្នុងមួយឆ្នាំ”៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here