អភិបាលខេត្ត ៖ ស្រុកគងពិសី នឹងប្រែមុខមាត់ថ្មីជាមួយវត្តមានតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសិង្ហបុរី

ចែករំលែក

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ស្រុកគងពិសី នៃទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានលោកអភិបាលខេត្តអះអាង និងបញ្ជាក់ថានៅថ្ងៃខាងមុខនេះ ដែនដីនៃស្រុកដែលធ្លាប់តែស្ងប់ស្ងាត់មួយនេះ នឹងបំពេញទៅដោយសំណង់អាគារនានាដែលបម្រើដល់វិស័យឧស្សាហកម្ម ជាពិសេស តំបន់សេដ្ឋកិច្ចពិសេស ដែលនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ខេត្តកំពង់ស្ពឺ គឺទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍មិនតិចជាង៣០០គម្រោងនោះទេ ដែលក្នុងនោះវិស័យឧស្សាហកម្មបានដើរតួឈានមុខគេ។

លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា “សព្វថ្ងៃនេះ ក្រៅពីវត្តមានរោងចក្រ សហគ្រាសតូចធំជាង ២៧០គម្រោង និងគម្រោងស្នើសុំ ដែលស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយប្រមាណជាង១០០គម្រោងទៀតនោះ គឺនៅមានគម្រោងបង្កើតតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងប្រចាំខេត្តស្ថិតនៅក្នុងស្រុកគងពិសី ក្រោមការវិនិយោគពីក្រុមហ៊ុនសិង្ហបុរី នៅលើផ្ទៃដីទំហំ ១១៥ ហិកតា”។

លោកបានបន្តថា “សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៅក្នុងស្រុកគងពិសី មួយភាគធំគឺពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែនៅថ្ងៃខាងមុខនេះ វានឹងជំនួសដោយវិស័យឧស្សាហកម្មវិញ បន្ទាប់ពីគម្រោងនៃការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសត្រូវបានចាប់ដំណើរការពិតប្រាកដ។ គម្រោងវិនិយោគ និងអភិវឌ្ឍន៍សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនេះ មិនមែនជាគម្រោងខ្យល់នោះទេ ដែលភាគីខាងក្រុមហ៊ុនវិនិយោគគេកំពុងពន្លឿនការសិក្សាលម្អិតពីផលប៉ះពាល់ ដើម្បីឈានទៅរកការចាប់ផ្តើមដំណើរការសាងសង់ ដែលវាត្រូវការពេលវេលា មិនមែនធ្វើបានក្នុងរយៈពេលខ្លីដូចដែលអ្វីយើងចង់បាននោះទេ”។

ជាមួយនឹងគម្រោងនៃការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសដែលបានអះអាងដោយលោកអភិបាលខេត្តកំពង់ស្ពឺខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា វាជាដំណឹងល្អសម្រាប់ ដែលក្រៅពីជាការបង្កើនការវិនិយោគក្នុងខេត្ត វត្តមាននៃគម្រោងខាងលើនេះ ក៏បានផ្តល់ភាពវិជ្ជមានដល់វិស័យអចលនទ្រព្យនៅក្នុងតំបន់ផងដែរ។

លោកឧកញ៉ាបានបន្តថា “ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩រហូតមកដល់ពេលបច្ចុប្បន្ននេះ តម្រូវការនៃការប្រើប្រាស់ដី នៅក្នុងខេត្តកំពង់ស្ពឺ គឺមានការកើនឡើងយ៉ាងគំហុក សម្រាប់បម្រើឱ្យទាំងវិស័យរោងចក្រ កសិកម្ម ឧស្សាហកម្ម ឃ្លាំង និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផងដែរ ដោយសារតែខេត្តមួយនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ជាពិសេសនៅតំបន់ជាប់ផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូន”។

លោកឧកញ៉ា តេង រិទ្ឋី បានបន្តថា “គម្រោងវិនិយោគ ឬអភិវឌ្ឍន៍វិស័យរោងចក្រ សហគ្រាស ភាពរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់ គឺពិតជាផ្តល់ភាពល្អប្រសើរ និងជួយជំរុញឱ្យវិស័យអចលនទ្រព្យក្នុងតំបន់មានតម្រូវការទីផ្សារខ្ពស់”។ លោកបានបន្តថា “គម្រោងជាច្រើនវិនិយោគពីអន្តរជាតិជាច្រើនបាន និងកំពុងតែសម្រុកបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ស្របទៅនឹងផែនការបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដែលវាជាមោទនភាពរបស់អ្នកខេត្តកំពង់ស្ពឺ ក្រៅពីអាចមានឱកាសទទួលបានការងារធ្វើ អាចរកចំណូលបានហើយនោះ ថែមទាំងទទួលបាននូវកំណើននៃតម្លៃដីធ្លីទៀត”៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here