ការសិក្សាៈសេដ្ឋកិច្ចក្នុងតំបន់អាស៊ានអាចនឹងងើបឡើងវិញដល់៨ភាគរយ នៅឆ្នាំ ២០២១

0

ដោយ ប៊ី

អាស៊ានៈ របាយការណ៍មួយបានលើកឡើងកាលពីដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន អាចនឹងស្ទុះងើបឡើងវិញជាមធ្យម៨ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការស្ទុះងើបឡើងវិញ នៃតម្រូវការនាំចូលរបស់ចិន និងពាណិជ្ជកម្មពិភពលោក បន្ទាប់ពីបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទីមួយនៃឆ្នាំ២០២០។


របាយការណ៍ដែលសរសេរដោយវិទ្យាស្ថាន Oxford Economics និងរៀបរៀងដោយវិទ្យាស្ថានគណនេយ្យករជំនាញ នៅអង់គ្លេស និងវែល (ICAEW) បានលើកឡើងថា សេដ្ឋកិច្ចអាស៊ីភាគអាគ្នេយ៍ នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទីមួយ នៃឆ្នាំ ២០២០ មុននឹងការធ្លាក់ចុះ១,៩ភាគរយសម្រាប់រយៈពេលមួយឆ្នាំពេញ។

របាយការណ៍បាននិយាយថា ជំងឺរាតត្បាតCovid-19 ទំនងជាបង្កឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៤.៧ភាគរយ។ នេះគឺជាផលប៉ះពាល់ច្រើនជាងទ្វេដង នៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០៨ ហើយនឹងក្លាយជាវិបត្តិសេដ្ឋកិច្ចធំបំផុត ក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម។

វិទ្យាស្ថាន Oxford Economics ជឿជាក់ថា ប្រទេសថៃនឹងក្លាយជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ ពីព្រោះវិស័យទេសចរណ៍ និងការធ្វើដំណើរជាពិសេសមានចំនួន២០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ដោយឡែក ប្រទេសវៀតណាមនឹងមានផលប៉ះពាល់តិចតួចបំផុត ជាមួយនឹងការនាំមុខរបស់ខ្លួននៅក្នុងវិធានការបង្រួបបង្រួម បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ានទោះបីជា អាស៊ានមិនមានភាពស៊ាំ ទៅនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃលំហូរពាណិជ្ជកម្មក៏ដោយ។

ផលប៉ះពាល់អវិជ្ជមាន ទៅលើសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ឆមាសទី២ នៃឆ្នាំ២០២០ នៅពេលដែលតម្រូវការនាំចូលរបស់ចិន និងពាណិជ្ជកម្មពិភពលោកងើបឡើងវិញក្នុងល្បឿនមួយយឺត។ របាយការណ៍បានឱ្យដឹងថា ការសម្របសម្រួលកញ្ចប់ជំរុញសារពើពន្ធ និងការបន្ធូរបន្ថយរូបិយវត្ថុ ពីអាជ្ញាធរនៅទូទាំងតំបន់នឹងគាំទ្រដល់ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។


លោកMark Billington នាយកប្រចាំតំបន់នៃស្ថាប័ន ICAEW ប្រចាំតំបន់ Greater China និងអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការងើបឡើងវិញរបស់យើងនឹងចាំបាច់រួមបញ្ចូលដំណោះស្រាយប្រកបដោយចីរភាព ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ច។ ខណៈដែលបណ្តាប្រទេសក្នុងតំបន់ បានបន្ធូរបន្ថយការរឹតត្បិតការបិទទ្វារប្រទេសជាបណ្តើរៗ ហើយចាប់ផ្តើមបើកសេដ្ឋកិច្ច អង្គភាពនិងធុរកិច្ចនានានឹងត្រូវសម្របខ្លួនទៅនឹង ភាពប្រក្រតីថ្មី សម្រាប់កំណើនប្រកបដោយចីរភាព នៅក្នុងពិភពក្រោយការផ្ទុះឡើងជំងឺនេះ

លោកបានកត់សម្គាល់ថា កំណើនជាបណ្តើរៗ ត្រូវបានគេរំពឹងថា នឹងមានការងើបឡើងវិញនៃការប្រើប្រាស់ កាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ និងការធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលត្រូវបានគាំទ្រដោយគោលនយោបាយរឹងមាំរបស់រដ្ឋាភិបាល។

លោកបានចង្អុលបង្ហាញថា ការបើកឡើងវិញរបស់ប្រទេសចិន ក៏ជាសញ្ញាប្រាប់ផងដែរថា សេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានភាពល្អឡើងវិញ

LEAVE A REPLY

Please enter your comment!
Please enter your name here