ថ្នាក់ដឹកនាំកំពូលកម្ពុជា និងឥណ្ឌាបានប្តេជ្ញាបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងឥណ្ឌា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត ខណៈឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។

នេះជាការលើកឡើងរបស់លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានជំរាបប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា “ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។

ថ្នាក់ដឹកនាំទាំង២ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឱ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសរសើរចំពោះការដាក់ចេញវិធានការទាំងឡាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានចាត់ទុកវិធានការរបស់សម្តេចតេជោ អាចធ្វើជាគំរូមួយសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ឌី បានពិភាក្សាផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋឥណ្ឌាដោយសារជំងឺ Covid-19 នេះផងដែរ។

ជំងឺ Covid-19 ជាជំងឺឆ្លងដែលបានរីករាលដាលយ៉ាងស្រួចស្រាវនៅលើពិភពលោក។ មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សជាង ៧លាននាក់ បានឆ្លង ហើយមនុស្សជិត ៤២ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។ សម្រាប់កម្ពុជាវិញ រកឃើញអ្នកឆ្លងចំនួន ១២៦នាក់។ ក្នុងនោះ ១២៥នាក់ បានព្យាបាលជាសះស្បើយ ហើយនៅសល់តែ១នាក់ប៉ុណ្ណោះ កំពុងព្យាបាល និងគ្មានអ្នកស្លាប់នោះឡើយ។ តាមទិន្នន័យនេះ នាំឱ្យគេវាយតម្លៃថា ការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 នៅកម្ពុជាមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ទើបនាំឱ្យការចម្លងមិនមានសភាពខ្លាំងក្លាដូចប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាអគ្គមេបញ្ជាកំពូលក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺ Covid-19 ។ ចាប់តាំងពីពេលដែលជំងឺ Covid-19 បានកើតឡើងករណីដំបូងនៅកម្ពុជាកាលពីខែមករា សម្តេចតេជោ ហ៊ុន សែន បានតាមដានយកចិត្តទុកដាក់ខ្ពស់ជាមួយការដាក់ចេញនូវវិធានការ និងចំណាត់ការនានា ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត។

វិធានការ និងចំណាត់ការ ដែលជាការឆ្លើយតបទាន់ពេលវេលា និងច្បាស់លាស់ក្នុងការទប់ស្កាត់ការនាំជំងឺពីខាងក្រៅ ទប់ស្កាត់ការរីករាលដាល និងការប្រឹងប្រែងព្យាបាលអ្នកជំងឺរបស់សម្តេចតេជោ ហ៊ុន សែន អមដោយការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់របស់កងទ័ពអាវស និងមន្ត្រីពាក់ព័ន្ធ ទើបធ្វើឱ្យការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 មានស្ថានភាពល្អប្រសើរបែបនេះ។
លទ្ធផលដ៏ល្អប្រសើរលើការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 នេះ ធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here