ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសាធារណការ និងដឹកជញ្ជូនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ជាពិសេសស្នើសុំសាងសង់ផ្លូវមួយខ្សែ ដោយដាក់ឈ្មោះថ្នាក់ដឹកនាំកំពូលរបស់ខ្លួន។

-->
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោកSudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីពិភាក្សាការងារមួយចំនួន ដែលក្នុងនោះក៏បានផ្តោតសំខាន់ ទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូនផងដែរ។
នៅក្នុងកិច្ចជំនួបកាលពីព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេបានរបស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យ សាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលសាធារណរដ្ឋ ឥណ្ឌូនេស៊ីអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
លើសពីនេះ ក្នុងនាមតំណាងរដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានស្នើសុំកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំង២។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញ ភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការ ជាមួយសាធារណរដ្ឋឥណ្ឌូនេស៊ី ទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។
លោកក៏បានជម្រាបជូនភ្ញៀវអំពីការសិក្សា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលរួមមានផ្លូវរថភ្លើងក្រោមដី ប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ៕
