សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោកនឹងបើកដំណើរការក្នុងឆ្នាំ២០២៣

ចែករំលែក

ដោយ ហ្សូលី

ឌូបៃៈ ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការសាងសង់អគារខ្ពស់បំផុត នៅលើពិភពលោកដែលមានទីតាំង នៅទីក្រុងឌូបៃម៉ារីណា និងចាប់បើកដំណើរការនៅឆ្នាំ២០២៣។ សណ្ឋាគារនេះមានគោលបំណងដើម្បីក្លាយជាកន្លែងទាក់ទាញភ្ញៀវ ទេសចរគ្រប់ប្រទេសលើពិភពលោក ស្រដៀងនឹងអគារខ្ពស់ៗ ផ្សេងទៀតរបស់ឌូបៃ។


គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន The First ដែលមានមូលដ្ឋាននៅឌូបៃ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសកល រួមជាមួយផលប័ត្រសណ្ឋាគារលំដាប់ខ្ពស់ អចលនទ្រព្យលំនៅដ្ឋាន ម៉ាកផលិតផលភេសជ្ជៈនិងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិអចលនទ្រព្យ។

Ciel Tower គឺជាគម្រោងដ៏ធំ និងប្រណីតបំផុតរបស់ក្រុមហ៊ុនThe First។  អគារនេះនឹងលាតសន្ធឹងដល់កម្ពស់ ប្រមាណ៣៦៨,៦ម៉ែត្រ ហើយនឹងមាន១,១០០បន្ទប់ រួមជាមួយនឹងអាងហែលទឹកដែលមានប្រវែង៣២០ម៉ែត្រ។

ក្នុងនាមជាសណ្ឋាគារខ្ពស់ជាងគេបំផុត នៅលើពិភពលោកCiel Tower មានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាទីក្រុង ដែលនេះជាការធ្វើតម្រាប់តាមនៃអគារខ្ពស់ៗផ្សេងទៀតនៅឌូបៃ ជាពិសេសដូចជាអគារ Burj Khalifa និង Burj Al Arab ។

ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិនគឺជាអង្គភាពមួយនៃសាជីវកម្មសំណង់ផ្លូវដែកចិន ហើយបានចូលរួមក្នុងការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក គម្រោងវារីអគ្គិសនី អគារខ្ពស់ ៗ និងប្រព័ន្ធរថភ្លើងក្រោមដីនៅជុំវិញពិភពលោក។


លក្ខណៈពិសេសនៃសណ្ឋាគារ ដែលមិនសូវបានបញ្ចេញជាសាធារណៈនោះមានដូចជា អគារនេះត្រូវបានច្នៃម៉ូតដោយស្ថាបត្យករលំដាប់ខ្ពស់ ទទួលបានរង្វាន់ជាច្រើន និងជាស្ថាបត្យប្រចាំក្រុមហ៊ុនឌីសាញអគារ Norr លំដាប់ថ្នាក់អន្តរជាតិផងដែរ។

Ciel Tower មានធ្វើឡើងពីកញ្ចក់សុទ្ធសាធ ដែលអនុញ្ញាតឱ្យភ្ញៀវឃើញទេសភាព ៣៦០ដឺក្រេ។ មិនទាន់សាងសង់រួចរាល់ សណ្ឋាគារនេះ បានក្លាយទៅជាសណ្ឋាគារទទួ​លបានពានរង្វាន់ចំនួន ៣ដូចជា ស្ថាបត្យកម្មសណ្ឋាគារលំដាប់អន្តរជាតិល្អជាងគេ (Best International Hotel Architecture) ស្តាបត្យកម្មសណ្ឋាគារល្អជាងគេនៅអារ៉ាប់ (Best Hotel Architecture Arabia) និង ស្ថាបត្យកម្មខ្ពស់ជាគេនៅអារ៉ាប់ (Best Residential High-Rise Architecture Arabia)។ យ៉ាងណាមិញ ទុនវិនិយោគនៃសណ្ឋាគារមួយនេះមិនទាន់ត្រូវបានបញ្ចេញជាផ្លូវការនៅឡើយទេ៕



ចែករំលែក