រដ្ឋបាលរាជធានីភ្នំពេញគ្រោងផ្លាស់ប្ដូរទីលានចាក់សំរាមទៅតំបន់ផ្លូវ៥១

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមពីទីតាំងចាស់នៅខណ្ឌដង្កោ ទៅដាក់នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ លើផ្ទៃដីទំហំជិត៥០ហិកតា។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមពីខណ្ឌដង្កោ ទៅនៅតាម បណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ ដែលមានទំហំផ្ទៃដីប្រមាណពី២០ ទៅ ៥០ហិកតា ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ។

លោកបញ្ជាក់ថា “នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម។ ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះនៅខណ្ឌព្រែកព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។ ដោយសារ៣ទីតាំងនេះ ក៏កំពុងមានហានិភ័យ ដោយទីតាំងនីមួយៗមានសំរាមពេញហៀរ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣រួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំង៣បានអនុវត្តន៍ការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់ សំរាមអនាធិបតេយ្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here