រដ្ឋបាលខេត្តកែប ព្រាងផែនការទីផ្សារទេសចរ ២០២០-២០២៤

0

ដោយ ៖ វុត្ថា

កែប ៖ ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប បានចាប់ផ្តើមពិភាក្សា និងពិនិត្យលើសេចក្តីព្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៤ ដើម្បីផ្តល់ជាធាតុចូលដើម្បីឱ្យផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងលក្ខណៈអភិវឌ្ឍន៍វែងឆ្ងាយទៅមុខទៀត ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ក្នុងកិច្ចប្រជុំពិភាក្សានៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថាសេចក្តីព្រាង ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍គុណភាព” តាមរយៈការកាត់ចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរណ៍ លំដាប់ខ្ពស់” “ទេសចរវ័យចំណាស់/ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ” ។

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែបបានឱ្យដឹងដែរថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លំហែរកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។ លោកស្រីបន្តថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៤ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្រូវចូលរួមសហការអនុវត្តផែនការទីផ្សារទេសចរណ៍ដ៏សំខាន់មួយនេះ ឱ្យបានខ្ជាប់ខ្ជូនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវ និងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងទិសដៅទីផ្សារទេសចរណ៍ ដែលបានកំណត់ក្នុងផែនការទីផ្សារនេះសម្រាប់ខេត្តកែប។

ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានស្ថានភាពផ្ទៃដីចែកចេញតំបន់ភ្នំ ជម្រាលភ្នំ តំបន់មាត់សមុទ្រ សមុទ្រ និងកោះ មានចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ សម្រាប់សក្តានុពលរបស់ខេត្តកែប ពឹងផ្អែកលើវិស័យទេសចរណ៍ ដោយមានឆ្នេរខ្សាច់ ឧទ្យានជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងវិជ្ជាជីវៈចម្រុះ រួមទាំងធនធានជលផលសមុទ្រជាច្រើនប្រភេទផ្សេងទៀត។ ជាមួយគ្នានេះ រដ្ឋាភិបាលមានមហិច្ឆិតារៀបចំខេត្តមួយនេះ ជាខេត្តទេសចរណ៍កម្រិតខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here