គន្លឹះ​នៃ​ការដើរ​ទីផ្សារ​អចលនទ្រព្យ​ឱ្យ​ល្អប្រសើរ​ក្រោយ​វិបត្តិ Covid-19

0

ដោយ ហ្សូ​លី

ភ្នំពេញៈ បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ភាព​រីករាយ​ដោយសារ​ជំងឺ Covid-19 ក្នុងប្រទេស​បាន​ឈានចូល​ដល់​សភាព​ធូរស្រាល និង​មិនមាន​ភាព​ធ្ងន់ធ្ងរ ដែលជា​ហេតុ​ឱ្យ​សេដ្ឋកិច្ច​មាន​សកម្មភាពតិចៗឡើងវិញ។

ក្នុងនោះ​វិស័យ​អចលនទ្រព្យ ធ្លាប់​ជួបប្រទះ​ភាពជាប់គាំង​នោះ ក៏ត្រូវ​ចាប់ផ្តើម​មានដំណើរ​ការ​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា ឱ្យ​ទីផ្សារ​អចលនវត្ថុ ទៅ​ដល់ដៃ​គោលដៅ​អតិថិជន។

ជាក់ស្តែង​ទាំង​ក្រុមហ៊ុន​អចលនទ្រព្យ​ក្តី ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ក្តី សុទ្ធ​តែមាន​គន្លឹះ​នៃ​ការស្វែងរក​ទីផ្សាររៀងៗខ្លួន ប៉ុន្តែ​ដើម្បី​កាន់តែ​ជោគជ័យ ចាំបាច់​ត្រូវ​អភិវឌ្ឍ​ចំនេះដឹង​បន្ថែម​ឱ្យបាន​ច្រើន។ ក្រៅពី​ថត​វីដេអូ ថតរូប បញ្ជូន​ផលិតផល​ទៅ​ដល់ដៃ​អតិថិជន​នោះ អ្នកលក់​ត្រូវ​ស្វែងរក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម ដែល​អាច​នាំឱ្យ​ការផ្សាយ​លិ​ត​ផល​មាន​ភាពទូលំទូលាយ​បន្ថែមទៀត។ ថ្វីត្បិតតែ​ចំណាយ​ប្រាក់កាស លើ​ការផ្សព្វផ្សាយ​ច្រើន ប៉ុន្តែ​លទ្ធផល​ត្រឡប់មក​នោះ គឺ​ពិតជា​ទទួលបាន​ទ្វេ​រដង។

អត្ថប្រយោជន៍​មានដូចជា អតិថិជន​ស្គាល់​ច្រើន និង​បង្កើន​កេរ្តិ៍ឈ្មោះ​ឱ្យមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ផងដែរ។

លោក​ម៉ន សុខា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ UTRUST បាន​មានប្រសាសន៍ថា តាមពិត​ការផ្សព្វផ្សាយ​មាន​ច្រើន​ដូចជា ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទំនាក់ទំនងផ្សេងៗទៀត។ អញ្ចឹង​សកម្មភាព​ដែល​ត្រូវធ្វើ គឺត្រូវធ្វើ​សកម្មភាព​ប្រូ​ម៉ូត​ផ្សព្វផ្សាយ តាមរយៈ​ការថត​វីដេអូ​ឬក៏​រូប​ភាពជាសន្លឹកៗ ដើម្បី​ផ្សព្វផ្សាយ​បញ្ជាក់ថា ស្ថានភាព​បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​ដល់​ណា ច្បាស់លាស់​កម្រិតណា។

យោងតាម​គេហទំព័រ ចែករំលែក​ការលក់​អចលនទ្រព្យ​មួយ​បានឱ្យដឹងថា អតិថិជន​ហាក់បីដូចជា​មានការ​ធុញទ្រាន់​នឹង​ការផ្ញើ​សារ​សួរ ខ​ល​ទូរ​សព្ទ​ញឹកញាប់ ព្រោះនេះ​ជាការ​រំខាន​មួយ​ដែល​អតិថិជន​តែង​រអ៊ូរទាំ។ ប៉ុន្តែ​ពួកគេ​ងាក​ត្រឡប់មក​អាន​អត្ថបទ​បែប​ផ្សព្វផ្សាយ ដោយសារ​តែមាន​ព័ត៌មាន​លម្អិត ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​រួច​ស្រាប់។ កត្តា​នេះ អាច​បណ្តារ​ចិត្ត​អតិថិជន​មាន​សក្តានុពល​ទិញ និង​ចាប់អារម្មណ៍​ទៅលើ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នោះ។

គន្លឹះ​ចំបង​បន្ថែម ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ និង​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ត្រូវ​ស្វែងយល់ថា តើ​អតិថិជន​ចង់បាន​អ្វី? តម្រូវការ​មាន​ដូចម្តេចខ្លះ? ថ្វីត្បិតតែ​វិស័យ​អចលនទ្រព្យ​នៅតែមាន​ចរន្ត​ក្តី ប៉ុន្តែ​អតិថិជន​នៅតែ​ស្វែងរក និង​ទាមទារ​ការផ្តល់ជូន​ពិសេស​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ដដែល។

អ្នកជំនាញ​អចលនទ្រព្យ លោកស្រី តាំង ហ៊ួ​រ មានប្រសាសន៍ថា ម្ចាស់​គម្រោង​អចលនទ្រព្យ​នានា គួរណា​តែមាន​ការបញ្ចុះ​តម្លៃ ឬ​ផ្តល់​ជា​តម្លៃ​ពិសេស​ឱ្យ​អតិថិជន និង​ត្រូវ​សម្រួល​ដល់​ការបង់ប្រាក់ ធ្វើយ៉ាងណា​ឱ្យមាន​ភាពងាយស្រួល មានន័យថា​ម្ចាស់​អចលនវត្ថុ​អនុញ្ញាតឱ្យ​អតិថិជន​បង់​តិច តែ​រយៈពេល​យូរ​នោះ ច្បាស់​ជាមាន​ទីផ្សារ​វិញ​ជាមិនខាន។

ដូច្នេះ​ភ្នាក់ងារ​លក់​អចលនទ្រព្យ គប្បី​ចេះ​ស៊ើបសួរ​ពី​គម្រោង ទីតាំង​មាន​សក្តានុពល តម្លៃថោក​សមរម្យ ឬ​លក្ខខណ្ឌ​បង់ប្រាក់​គ្មាន​ភាពស្មុគស្មាញ ដល់​អតិថិជន​នោះ​ទើប​អាច​នាំឱ្យ​ទីផ្សារ នៃ​ការលក់​អចលនទ្រព្យ​មាន​ភាព​កាន់តែ​រលូន​ស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here