ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងធ្វើពិពិធកម្មពង្រីកកំពង់ផែ នៅតាមបណ្តារាជធានីខេត្តជាប់សមុទ្រ និងទន្លេ ដើម្បីបង្កើនការដឹកជញ្ជូន តាមផ្លូវទឹកឱ្យកាន់តែមានភាពល្អប្រសើរ និងអាចអាចប្រកួតប្រជែងនៅក្នុងតំបន់។
១) កំពង់ផែក្រុងព្រះសីហនុ
គម្រោងពង្រីកំពង់ផែអន្តរជាតិទឹកជ្រៅ នៅក្រុងព្រះសីហនុ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងបង្កើនលទ្ធភាពកាន់តែធំទូលាយ និងមានជម្រៅរហូតដល់១៨ម៉ែត្រ ដែលអាចទទួលការចូលចតនាវាដឹកជញ្ជូនធំៗ កំពុងចរាចរណ៍នៅលើសមុទ្រអន្តរជាតិបានប្រមាណ៩៧ភាគរយ។
បច្ចុប្បន្ននេះ កំពង់ផែដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងខេត្តព្រះសីហនុ មានចំនួន៣ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ។
២)កំពង់ផែខេត្តកែប
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែប ដែលស្ថិតនៅកោះទន្សាយមានតម្លៃជាង១លានដុល្លារ ដែលអនុវត្តផ្ទាល់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងបញ្ចប់នៅត្រឹមខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ។
គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិ ដែលមានទំហំសរុបចំនួន៣៤០០ម៉ែត្រការ៉េនេះ ក្រោមការយកចិត្តទុកដាក់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកែប ដើម្បីធ្វើយ៉ាងណាជម្រុញឱ្យសម្រេចបាន ទៅតាមផែនការដែលបានគ្រោងទុក។
៣)កំពង់ផែទេសចរណ៍ខេត្តកំពត

គម្រោង អភិវឌ្ឍកំពង់ផែទេសចរណ៍នៅខេត្តកំពត ដែលបាននឹងកំពុងសាងសាង់ អាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ ។កំពង់ផែមួយនេះ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍បន្ថែមពីលើសក្ដានុពលដែលមានស្រាប់ ដែលក្នុងនោះមានតំបន់រមណីយដ្ឋានសរុបចំនួន១៧ សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់គោលដៅទាក់ទាញទេសចរណ៍ចំនួន៤។
៤)កំពង់ផែស្វយ័តភ្នំពេញ
កំពង់ផែភ្នំពេញគ្រោងនឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ ឱ្យបានធំទូលាយជាងមុន ដែលគ្រោងចំណាយទុនវិនិយោគ ប្រមាណ៣៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការផ្ទុកកុងតឺន័រឱ្យបានរហូតដល់៥០ម៉ឺនTEUs ក្នុងមួយឆ្នាំ។
គម្រោងអភិវឌ្ឍន៍ពង្រីកចំណតផែកុងតឺន័រ ក្នុងជំហានទី៣បន្ដទៀតនេះ ដោយសារតែកំពង់ផែស្វយ័តភ្នំពេញ ជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។
បច្ចុប្បន្ននេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ នឹងត្រូវធ្វើការពង្រីកបន្ថែមទៀត នៅតាមកន្លែងកដបមួយចំនួន ដើម្បីងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ”។
៥) កំពងផែនៃទន្លេវ៉ៃគោ
រដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែថ្មីមួយ ដើម្បីសម្រួលដល់ការដោះដូរទំនិញតាមផ្លូវទឹក ជាមួយខេត្តឡុងអាន នៃប្រទេសវៀតណាម ខណៈខេត្តជាប់ព្រំដែនមួយនេះ មានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ការកសាងកំពង់ផែ និងស្តារផ្លូវទឹក នៃទន្លេវ៉ៃគោនេះ មានទីតាំងកំពង់ផែស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួល ដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅមករវាងខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននឹងកំពុងសិក្សាលម្អិត និងដាក់ផែនការកសាងកំពង់ផែទឹកសាប នៅតាមខេត្តសំខាន់ៗមួយចំនួនទៀត រួមជាមួយនឹងការស្នើសុំឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕






