ដោយ វុត្ថា
ភ្នំពេញៈ មិនដូចកាលពីមុនឡើយ ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរនៅក្នុស្រុក កាន់តែច្រើនឡើងពីមួយថ្ងៃទៅថ្ងៃ ពីខែទៅមួយខែទៅលេងកម្សាន្តនៅតាមតំបន់ឆ្នេរ និង ចង់ឃើញពីការអភិវឌ្ឍន៍ខេត្តដែលមានសំណង់អគារស្អេកស្កះ។
លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរ ជាអ្នកទេសចរក្នុងស្រុកបានសម្រុកមកលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ កើនឡើងប្រមាណ៤០ភាគរយ ដែលខុសប្លែកពីកាលកន្លងមក ។
លោកបន្តថា “កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរ ចាប់អារម្មណ៍មកលេងកម្សាន្តខេត្តព្រះសីហនុពេលនេះ ដោយសារស្ថានភាពធូស្រាលនៃជំងឺ Covid-19 កត្តាសន្តិសុខ សណ្តាប់ធ្លាប់ល្អ ហេដ្ឋរចនសម្ព័នខ្នាតអន្តរជាតិ និងការរៀបចំឆ្នេររបស់ខេត្តឱ្យមានសោភណភាព និងធំទូលាយជាងមុន រួមជាមួយនឹងពួកគាត់ចង់ឃើញការអភិវការអភិវឌ្ឍន៍របស់ខេត្ត។
លោកបន្តទៀតថា កត្តាមួយទៀត គឺផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងស្នាក់នៅមានតម្លៃធូថ្លៃដូចពីកាលមុន ពោល គឺមានតម្លៃ ប្រមាណ១៥ ទៅ ២០ ដុល្លារអាមេរិកក្នុងការស្នាក់នៅមួយយប់។ ជាងនេះទៅទៀត ចាប់តាំងពីរដ្ឋាភិបាលបិទហ្គេមអនឡាញធ្វើ ឱ្យជនចិនមួយចំនួន ដែលជាជនខិលខូតត្រឡប់ទៅប្រទេសចិនវិញ ហើយបានប្រែក្លាយអគារទៅជាកន្លែងស្នាក់នៅ និងភោជនិយដ្ឋានផងដែរ។
លោកនងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងដែរថា ក្រោយពីចូលឆ្នាំខ្មែររួច ភ្ញៀវទេសចរណ៍ខ្មែរយើង បានចាប់ផ្តើមមមកកំសាន្តនៅខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។
លោកបន្តថា ពិសេសតំបន់មាត់សមុទ្រ ដែលបានកសាងផ្លូវបេតុងថ្មីៗ ដូចជាសមុទ្ររាម តំបន់ឆ្នេរពយជំទាវម៉ៅ តំបន់ឆ្នេរអូរឈើទាល២ តំបន់ឆ្នេរព្រែកត្រែង តំបន់ឆ្នេរពយតាបារាំងកែវផុស ជាដើម ។ លើកមុនយើងសង្កេតឃើញ ភ្ញៀវទេសចរណ៍ច្រើនតែមកកំសាន្តនៅចុងសប្តាហ៏ទេ តែបច្ចុប្បន្នមានស្ទើររាល់ថ្ងៃជាពិសេសមូលមីតាមឆ្នេរសមុទ្រតែម្តង។
លោកថ្លែងថា “តាមសន្និដ្ឋានរបស់ខ្ញុំទាំងនេះកំនើនភ្ញៀវទេសចរណ៍ ដោយសារទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីក្មុងខេត្ត និងតាមតំបន់ឆ្នេរនានា ទី២ ខេត្តព្រះសីហនុ មានសក្តានុពលសំបូរបែប ជាពិសេសឆ្នេរសមុទ្រ និងទី៣ វិបត្តិកូវីត នៅទូទាំងពិភពលោក ធ្វើអោយប្រជាពលរដ្ឋមិនអាចចាកចេញទៅកំសាន្តនៅក្រៅប្រទេស” ។
លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងដែរថា ជាការពិតហើយ នាពលរដ្ឋខ្មែរដែលជាភ្ញៀវទេសចរក្នុងស្រុក បានចាប់អារម្មណ៍ ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងខ្លាំង ដោយសារតែការរៀបចំឆ្នេរបានយ៉ាងស្អាត និងគិតគូទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ពីអាជ្ញាធរខេត្ត និងបន្ទាប់កម្ពុជាមានស្ថានភាពធូស្រាលនៃជំងឺ Covid-19 នៅក្នុងប្រទេស។
លោកស្រីថា “អាជ្ញាធរខេត្តបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្លាប់សារធារណៈ និង សុវត្ថិភាពបានយ៉ាងល្អ ជូនភ្ញៀវទេសចរ ដែលកាលពីមុន មានជនជាតិចិនច្រើន ធ្វើឱ្យចរចរណ័ចង្អៀត និងមានភាររញ៉េរញ៉ៃ បានឱ្យពលរដ្ឋខ្មែរមិនចាប់អារម្មណទៅលេងនៅទីនោះ” ។
ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ចុងក្រោយមួយថា ក្នុងរយៈពេល ១ សប្តាហ៍ក្នុងខែមិថុនា នេះ ចំនួន ភ្ញៀវទេសចរ ផ្ទៃក្នុង បានចេញ ដើរ កំសាន្ត ទៅកាន់ តំបន់ រមណីយដ្ឋាន សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ នៅ ទូទាំងប្រទេស មាន ចំនួន ជិត ១៦ ម៉ឺន នាក់ កើន ឡើង ជាង ២៤% បើ ប្រៀបធៀប នឹង សប្តាហ៍ ចុងក្រោយ ក្នុង ខែឧសភា។
ភ្ញៀវទេសចរ ក្នុងស្រុក ទាំងនេះ ដើរ កំសាន្ត ទៅកាន់ គោលដៅ ទេសចរណ៍ នានា ប្រមាណ ជិត ១៦ ម៉ឺន នាក់ នោះ គឺមាន ភ្ញៀវ ជាតិ មាន ចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែក ភ្ញៀវ បរទេស ក្នុងប្រទេស វិញ មាន ចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣% ក្នុងនោះ ភ្ញៀវទេសចរ ទៅ ទស្សនា ខេត្ត តំបន់ឆ្នេរ កើន ជាង ៥០% ភ្ញៀវ ទៅ ទស្សនា ខេត្តបាត់ដំបង កើន ជាង ១៣% ភ្ញៀវ ទៅ ទស្សនា ខេត្តសៀមរាប ក៏ ចាប់ផ្តើម មា ន សន្ទស្សន៍ ឡើងវិញ ផងដែរ៕