ដោយៈរ៉ាណេត
កែបៈ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាស តែងតំាងលោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ លេខ១០១ ដនស/ប្រក/ប ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចតែងតាំងលោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបថ្មីជំនួស លោក វ៉ៅ សុខា ដែលបានតែងតាំងជាអភិបាលរងខេត្តកែប។
-->
លោកសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានថ្លែងក្នុងពិធីប្រកាសតែងតាំងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០នេះថា លោកពិតជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការដឹកនាំ ការអនុវត្តន៍តួនាទីភារកិច្ច និងការផ្តល់សេវាទៅតាមជំនាញរបស់ខ្លួនរបស់ប្រធានមន្ទីរថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត បានជំរុញឱ្យប្រធានរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូ វស្របតាមប្រកាស និងសេចក្ដីណែនាំដែលបានកំណត់ ត្រូវមានគំនិតផ្តួចផ្តើម និងស្រាវស្វែងយល់បន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ពន្ធវិស័យសំណង់ និងដីធ្លី ដើម្បីពនឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់កែលម្អសោភ័ណភាព អនាម័យបរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ និងនៅតាមមុខសញ្ញាដែលមន្ទីរទទួលខុសត្រូវ ត្រូវបន្តអនុវត្តការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធឱ្យបានចប់រួចរាល់ តាមផែនការដែលបានកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យលក្ខណៈបច្ចេកសំណង់ ស្ថាបត្យកម្មនានា ដែលបានអនុញ្ញាត និងសំណង់ ដែលមិនមានការអនុញ្ញាត ស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់។
លោក ឆាន់ សាផាន រដ្ឋលេខាធិការ តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោកសរសើរជាខ្លាំងចំពោះការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ខេត្តកែប ជាពិសេសវិស័យសំណង់៕