ដំណឹងល្អ! កម្ពុជាចាប់ផ្តើមយកចិត្តទុកដាក់លើវិស័យនវានុវត្តន៍

0

ដោយ វុត្ថា

ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យា បានចាប់ផ្តើមចាប់បង្ខំឲ្យរដ្ឋាភិបាលចាប់ផ្តើមគិតគូពីវិស័នវានុវត្តន៍ ជាវិស័យថ្មីមួយដែលនឹងចូលរួមអភិវឌ្ឍន៍ និងកសាងមូលដ្ឋានស្រាវជ្រាវ ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងការចាប់ផ្តើមនេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ “វិទ្យាស្ថានជាតិនិបទីក” (NIPTICT) បានបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ស្ថិតនៅ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជម្រុញដល់ការអភិវ​ឌ្ឍន៍ ការស្រាវជ្រាវ និងនវនុវត្ត៍ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ (ICT) លើកដំបូងនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការរដ្ឋានសង់សង់អគារមជ្ឈមណ្ឌល នវានុវត្ត៍នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ លោក ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា ការសាងសង់នូវមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) គឺដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស លើកកំពស់ការច្នៃប្រឌិតដោយផ្អែកលើបច្ចេកវិទ្យាឆ្លាតវៃ និងផ្តល់នូវបរិយាកាសស្រាវជ្រាវរួមគ្នារវាងស្ថាប័ន ស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន ក៏ដូចជា បង្កើនធនធានចំណេះដឹងផ្នែកប   ច្ចេកវិទ្យាក្នុងស្រុក ដើម្បីរួមចំណែកបង្កើនការប្រកួតប្រជែង ខាងសេដ្ឋកិច្ចជាមួយប្រទេសនានាក្នុងតំបន់ កម្ពុជាត្រូវការបង្កើតនូវយន្តការ ភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នបីគឺ រដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន។

លោកបន្តថា “ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នេះ នឹងក្លាយជាទីកន្លែងគំរូមួយ សម្រាប់ការអនុវត្តន៍នូវយន្តការ ភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងបីនេះ”។

លោកមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT  បានអោយដឹងផងដែរថា បេសកកម្មរបស់មជ្ឈមណ្ឌលនវានុវត្តន៍ វិទ្យាស្ថានជាតិនិបទីក ផ្តោតលើការស្រាវជ្រាវលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌​មានផ្សព្វផ្សាយ ការផ្ដួចផ្ដើមអាជីវកម្មនវានុវត្តន៍ និងសហគ្រិនភាព និងភាពជាដៃគូ រវាងគ្រឹះស្ថានអប់រំ សហគ្រាស និងរដ្ឋាភិបាល។

លោកបន្តថា “មជ្ឈមណ្ឌលនវានុវត្តន៍ នឹងផ្ដល់ជាប្រយោជន៍ដល់និស្សិត និងសាធារណជនទូទៅក្នុងការសិក្សាស្រាវជ្រាវ ការចាប់ផ្តើមធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និងការបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ”។

លោកត្រាំ អ៊ីវតឹកបានបញ្ជាក់ថា “ដើម្បីអភិវឌ្ឍន៍វិស័យទូរ​គមនាគមន៍ និងICT នៅកម្ពុជាអោយមានការរីកចម្រើន គឺយើងត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍន៍ ហេដ្ឋាចរនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ និងអ៊ិនធើណិត ក៏ដូចជាធនធានមនុស្ស ដែលមានសមត្ថភាពជំនាញច្បាស់លាស់កាន់តែច្រើនបន្ថែមទៀត”។

អគារមជ្ឈមណ្ឌលនវានុវត្តន៍នេះ នឹងត្រូវសាងសង់ឡើង ដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ លើវិស័យ ICT (ហៅកាត់ថា មូលនិធិ ស.អ.) ដែលជាមូលនិធិមួយកើតចេញអំពីការបង់ប្រាក់ចំណូលដុល១ភាគរយ របស់ប្រត្តិបត្តករទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកទូរគមនាគមន៍ និង ICT ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT របស់កម្ពុជា។

ការសាងសង់មជ្ឈមណ្ឌលនវានុវត្តន៍  នឹងត្រូវប្រើពេលអស់រយៈពេល១៨ ខែចំណាយថវិការចំនួនជិត៤លានដុល្លារ បួករូមទាំងឧបករណ៍។

មជ្ឈមណ្ឌលនវានុវត្តន៍មានកម្ពស់៤ជាន់ និងទំហំអាគារសរុប៧៥០០ម៉ែត្រ​ក្រឡា ​ នឹងក្លាយជាកន្លែងសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកបច្ចេកវិទ្យាកន្លែ​ង​ពិសោធន៍សម្រាប់និស្សិត IT កន្លែងធ្វើការរួមគ្នា (Coworking Space) សាលសន្និ​សីទ ប្រជុំ និងពិព័រណ៍ មជ្ឈមណ្ឌលទិន្នន័យ ការិយាល័យសម្រាប់ក្រុមហ៊ុន ទីភ្នាក់ងាររដ្ឋាភិបាល និងជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here