កម្ពុជាគ្រោងដាក់ឱ្យដំណើរការការទូទាត់ពាណិជ្ជកម្មលើវិស័យស្រូវអង្ករជាប្រាក់យ៉ន់ចិន

0

ដោយ ហ្សូលី

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរការនូវការទូទាត់ពាណិជ្ជកម្ម ប្រាក់យ៉ន់ចិន ក្នុងគោលបំណងជួយសម្រួលដល់ដំណើរ និងពង្រីកទីផ្សារស្រូវអង្ករកម្ពុជាទៅកាន់ប្រទេសចិន។

នេះបើតាមឱ្យដឹងតាមរយៈកិច្ចប្រជុំអំពីការជំរុញទូទាត់ជាប្រាក់រៀល និងប្រាក់យ៉ន់របស់ចិនលើការទូទាត់ចំពោះពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបានរៀបចំឡើងដោយថ្នាក់ដឹកនាំ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយនឹងធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ ២០២០នេះ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ៉ន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដោយជ្រើសរើសវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករអនុវត្តន៍មុនគេ។

ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក បានគាំទ្រពេញទំហឹង លើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ពោលគឺជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជាផ្តោតលើវិស័យស្រូវអង្ករ។

លោកបានលើកឡើងពីសក្តានុពលនិងប្រតិបត្តិការនៃការធ្វើពាណិជ្ជកម្មអង្ករជាមួយនឹងប្រទេសចិនដែលមានស្រាប់ ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំ២០២០នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មអង្ករ នាំចេញទៅប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង៧១លានដុល្លារអាមេរិក ដែលជាកំណើនមួយគួរឲ្យកត់សម្គាល់។ ដូច្នេះការជំរុញការទូទាត់ជាប្រាក់យ៉ន់ចិនដោយផ្ទាល់នេះ នឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញនិងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជានៅប្រទេសចិនបន្ថែមទៀតផងដែរ។

តំណាងធនាគារជាតិនៃកម្ពុជា លោក ឡុង វិបុណ្យឫទ្ធ ក៏បានអរគុណដល់ការគាំទ្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា លើការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេសជាមួយប្រទេសចិន ជាលុយយ៉ន់ចិននេះ តបតាមការស្នើពីធនាគារកណ្តាលរបស់ចិន (Central Bank of China) ម្តងហើយម្តងទៀត លើការស្នើឲ្យកម្ពុជាសហការលើការទូទាត់សាច់ប្រាក់ពាណិជ្ជកម្មជាលុយយ៉ន់នេះ ដើម្បីសម្រួលដល់ប្រតិបត្តិការ និងចំណេញដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ធនាគារជាតិកម្ពុជាបង្ហាញថា ប្រហែលនឹងអាចមានពិធីឬព្រឹត្តិការណ៍ចុះអនុស្សរណៈយោគយល់គ្នា (MoU) ឬប្រកាសនៃការចាប់ផ្តើមទូទាត់ប្រាក់យ៉ន់ចិនដោយចាប់ផ្តើមពីពាណិជ្ជកម្មអង្ករ នៅពេលដែលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ខាងមុខដែលអាចមានការចូលរួមដោយថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ។

ស.អ.ក ស្នើឲ្យធនាគារជាតិនៃកម្ពុជា ជួយសម្របសម្រួលលើអត្រាប្តូរប្រាក់ (Exchange Rate) ដែលជាការព្យារណ៍រវាងលុយរៀលកម្ពុជា និង លុយយ៉ន់របស់ចិនអោយបានមុនមួយខែម្តង ដើម្បីអាចធ្វើយ៉ាងណា ឲ្យយន្តការជំរុញការទូទាត់ពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ជាលុយយ៉ន់ នៅដំណាក់កាលដំបូងនេះ ចេញជាផ្លែផ្កា៕

LEAVE A REPLY

Please enter your comment!
Please enter your name here